ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាឪពុកចុងម្នាក់ពាក់ព័ន្ធករណីរំលោភកូនស្រី ជាច្រើនដងរហូតមានផ្ទៃពោះជាច្រើនខែទើបបែកធ្លាយ។
ការឃាត់ខ្លួនតាមពាក្យបណ្ដឹងបានធ្វើឡើងនៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២៣ នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះឃឹម រក្សា អាយុ៤២ ឆ្នាំមុខរបរកម្មកររោងចក្រ ត្រូវជាឪពុកចុងរស់នៅក្នុងបន្ទុកគ្រួសារជាមួយគ្នា។
ចំណែកកូនស្រីរងគ្រោះឈ្មោះ អ ភ ត អាយុ១៨ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨ ព្រឹក នារីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កាលអំឡុងខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១២នាទីយប់ ជនសង្ស័យជាឪពុកចុងឈ្មោះ ឃឹម រក្សា បានចាប់រំលោភខ្លួន បានសម្រេចមួយដងនៅក្នុងបន្ទប់ដេករបស់ខ្លួន នៅពេលដែលម្តាយបង្កើតដេកលក់ ។
ប្រភពបន្តថា ក្រោយមកឪពុកចុងបានបន្តចាប់រំលោភខ្លួនជាបន្តបន្ទាប់រហូតដល់មានផ្ទៃពោះច្រើនខែទើបនារីរងគ្រោះទ្រាំមិនបានក៏ប្ដឹងសមត្ថកិច្ចតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឃឹម រក្សា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនចុងរបស់ខ្លួនពិតប្រាកដមែនទើបសមត្ថកិច្ចចបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សុថាន