ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាលក្នុងការផ្សះផ្សាទំនាក់ទំនងរវាងអុីស្រាអែលនឹងប៉ាឡេស្ទីនមុនថ្ងៃបុណ្យ រ៉ាម៉ាឌន

ចែករំលែក៖

អេហ្ស៊ីប បានទទួលស្វាគមមន្ត្រីអុីស្រាអែលនិងប៉ាឡេស្ទីន នៅថ្ងៃទី១៨ខែមីនា ក្នុងទីក្រុង រមណីយដ្ឋាន Sharm el-Sheikh ក្នុងគោលដៅផ្សះផ្សាទំនាក់ទំនងប្រទេសទាំងពីរ មុនថ្ងៃបុណ្យ រ៉ាម៉ាឌន (Ramadan) របស់សាសនាអ៊ិស្លាមចូលមកដល់។

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសអេហ្ស៊ីបបានធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីអុីស្រាអែល និងប៉ាឡេស្ទីននៅក្នុងទីក្រុងរមណីយដ្ឋាន Sharm el-Sheikh នៅថ្ងៃអាទិត្យនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រដោយសហរដ្ឋអាមេរិក និងហ្ស៊កដានី ដើម្បីរម្ងាប់ការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank ខណៈខែដ៏ពិសិដ្ឋរបស់ជនមូស្លីមខិតជិតមកដល់។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយថា កិច្ចប្រជុំនៅ Sharm el-Sheikh «មានគោលបំណងគាំទ្រការសន្ទនារវាងភាគីប៉ាឡេស្ទីន នឹងអុីស្រាអែល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សកម្មភាពឯកតោភាគី និងការកើនឡើងអំពើហិង្សាដែលមានស្រាប់ និងដើម្បីសម្រេចបានភាពស្ងប់ស្ងាត់»។
ប៉ាឡេស្ទីនមានបំណងបង្កើតរដ្ឋឯករាជ្យមួយនៅតំបន់ West Bank និង Gaza Strip ដោយមានក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ដែលជាទឹកដីអុីស្រាអែលកាន់កាប់យកក្នុងសង្រ្គាមឆ្នាំ១៩៦៧។ ប៉ុន្តែការចរចាសន្តិភាពបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៤ ដោយប៉ាឡេស្ទីនបាននិយាយថា ការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វបានធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃរដ្ឋដែលអាចសម្រេចបាន។
ក្នុងរយៈពេលមួយឆ្នាំកន្លងមក កងកម្លាំងអុីស្រាអែលបានធ្វើការចាប់ខ្លួនមនុស្សរាប់ពាន់នាក់នៅតំបន់ West Bank និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង២០០ នាក់ រួមទាំងអ្នកប្រយុទ្ធ និងជនស៊ីវិលផងដែរ។
ជនជាតិអុីស្រាអែលជាង ៤០នាក់ និងជនជាតិអ៊ុយក្រែន០៣នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីនក្នុងរយៈពេលដូចគ្នានេះ។
កាលពីឆ្នាំមុន ការប៉ះទង្គិចគ្នារវាងប៉ូលិសអុ៏ស្រាអែល នឹងប៉ាឡេស្ទីនបានផ្ទុះឡើងនៅជុំវិញវិហារ Al-Aqsa របស់ក្រុងយេរូសាឡឹម អំឡុងពេលបុណ្យរ៉ាម៉ាឌន ដែលឆ្នាំនេះវានឹងកើតទើងស្របគ្នានឹងបុណ្យរំលងរបស់ជនជាតិយូដា និងបុណ្យអុីស្ទើររបស់គ្រីស្ទានផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖