ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមដែលសម្ដេចត្រូវជួបប្រទះស្ទើរគ្រប់ពេលមុននឹងអាចនាំកម្ពុជាឈានមកដល់សព្វថ្ងៃ។
សូមបញ្ជាក់ថា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុននឹងបានមកដល់សព្វថ្ងៃសម្ដេចត្រូវប្រឈមនឹងគ្រោះថ្នាក់ចំនួន៣គឺការយកជីវិតទៅប្ដូរជាមួយនឹងខ្មែរក្រហម ការប្រថុយប្រថានក្នុងការនាំសន្ដិភាពមកកាន់ប្រទេសកម្ពុជា និងការប្រឈមមុខនឹងកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច។
សម្ដេចតេជោបន្ថែមថា ក្នុងពេលដែលសម្ដេចត្រូវបានសភាផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ សម្ដេចបានដាក់ចេញនូវកំណែទម្រង់នយោបាយសំដៅរកការចរចា និងសេដ្ឋកិច្ចសំដៅលើការធ្វើការផ្ដល់កម្មសិទ្ធិឯកជន ដែលគោលនយោបាយនេះគឺខុសពីរបបសង្គមនិយមដែលមានមនុស្សតិចណាស់ដែលស្គាល់និងអាចចូលរួមបាន។
សម្ដេចតេជោ ហ៊ុនសែន បន្ថែមថាពេលនោះសម្ដេចត្រូវរងសម្ពាធចំនួន៣គឺសម្ពាធផ្ទៃក្នុង សម្ពាធនៃការចរចា និងសម្ពាធសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុនសែន ថា៖ «កំណែទម្រង់និងការធ្វើកំណែទម្រង់សាធារណៈ វាមិនលំបាកដូចដែលពេលសម្ដេចធ្វើកំណែទម្រង់នោះទេ»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណុចទាក់ទងនឹងការគ្រប់គ្រងសាធារណៈរបស់កម្ពុជា គឺមិនលំបាកដល់ការធ្វើកំណែទម្រង់ផ្នែកនយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ដែលការធ្វើកំណែទម្រង់ទាំងពីរនេះ គឺទាមទារឱ្យសម្ដេចតេជោនាយករដ្ឋមន្រ្ដីត្រូវយកជីវិតទៅប្ដូរគ្រប់ពេលទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន៖ «យើងមិនអាចរង់ចាំរហូតដល់មានសន្ដិភាពពេញលេញទើបយើងធ្វើការកែទម្រង់នោះទេ»។ សម្ដេចបញ្ជាក់ថា ក្នុងពេលសម្ដេចតេជោធ្វើជានាយករដ្ឋមន្រ្ដី សម្ដេចបានដាក់ចេញកញ្ចប់កំណែទម្រង់ជាមួយគ្នាផងដែរ នៅក្នុងនោះគឺទីមួយកំណែទម្រង់ នយោបាយ និងទីពីរកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍនិងសន្ដិភាពដូចសព្វថ្ងៃនេះ៕
ដោយ ៖ សិលា