ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់នឹងនារីម្នាក់ទៀតបានរងរបួសដោយសារបើកម៉ូតូបុករថយន្តនៅផ្លូវបំបែកជាបួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកនារីម្នាក់ទៀតបានរងរបួសស្រាល ខណៈបើកម៉ូតូលឿនបានជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលនៅនឹងថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងផ្លូវលេខ១៩៧០ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថាសពជនរងគ្រោះ មានឈ្មោះ ធា មានអាយុជាង៣០ឆ្នាំ រស់នៅខេត្តកំពង់ចាម។

បើតាមសម្តីនារីជាម្ចាស់រថយន្តសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុដោយរូបនាងបានបើករថយន្តម៉ាក TOYOTA Vitz ពណ៌ស ទើបនឹងទិញមិនទាន់កឹបស្លាកលេខ បើកបរចេញពីផ្លូវលេខ១៩៧០ ក្នុងទិសដៅពីកើតទៅលិចរួចក៏បានបើកឆ្លងកាត់បណ្តោយផ្លូវភ្នំពេញហាណូយ ចូលទៅផ្លូវបេតុងមួយខ្សែទៀតគោលបំណង ត្រឡប់ទៅផ្ទះវិញ ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែមានម៉ូតូម៉ាក ហុងដាZOOMERX ពណ៌សលាយខ្មៅពាក់ស្លាកលេខ កណ្តាល 1L-1037 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ត្រូវជាសង្សារអង្គុយពីក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន មកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនចាប់ហ្រ្វាំងមិនទាន់ជ្រុល ទៅបុករថយន្តដែលបើកឆ្លងផ្លូវចំពាក់កណ្ដាលចំហៀងខាងស្ដាំ យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលផ្ទប់នៅនឹងរថយន្តស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឯនារីអង្គុយពីក្រោយត្រូវជាសង្សារគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

ក្រោយកើតហេតុអ្នកបើករថយន្តត្រូវសមត្ថកិច្ច ចុះមកដល់ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង ដើម្បីសួរនាំ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង បានចុះមកដល់រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនឹងម៉ូតូទៅរក្សាទុក នៅខាងការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖