ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ២នាក់បងប្អូនដែលកំពុងរងការបាត់បង់ដីធ្លីដោយសារឈ្មួញប្រើល្បិចកក់លុយតែ៨.០០០$ទិញដី២កន្លែងទំហំ២៤ ហិកតា នៅភូមិអូរតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន១០ឆ្នាំហើយមិនព្រមឲ្យថ្លៃលក់គ្រប់ចំនួន ដោយសារនៅក្នុងលិខិតទិញលក់មិនបានចែងឲ្យច្បាស់លាស់នៃកាលបរិច្ឆេទដាច់ប្រាក់កក់តាមក្បួនច្បាប់នោះ កំពុងនាំគ្នាខកចិត្តនិងអស់ជំនឿលើលោក ឈឺន សុធន អភិបាលស្រុក បសេដ្ឋនិយាយលែងចេញ ។
ការខកចិត្តនិងអស់ជំនឿលើលោក ឈឺន សុធន អភិបាល ស្រុកបសេដ្ឋនេះត្រូវបានពួកគាត់ទម្លាយឲ្យដឹងថា កន្លងមកនៅពេលជួបបញ្ហាឈ្មួញឆបោកទិញដីឱ្យតែប្រាក់កក់មិនព្រមបង់ថ្លៃលក់ឲ្យគ្រប់ចំនួនរយៈពេល១០ឆ្នាំមកហើយនោះ ពួកគាត់បានដាក់ពាក្យបណ្តឹងនិងស្កាត់ទៅជួបលោក អភិបាលស្រុកបសេដ្ឋ រូបនេះឲ្យជួយរកយុត្តិធម៌និងឲ្យឈ្មួញដោះស្រាយដោយសន្តិវិធី ។ ពេលនោះលោក អភិបាលស្រុកបានទទួលពាក្យបណ្តឹងរបស់គាត់ខ្លាំងណាស់ដោយសន្យាថានឹងជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌ឲ្យមានតម្លាភាពនិងយុត្តិធម៌ជូនពួកគាត់ទាំង២យ៉ាងអស់ពីចិត្តពីថ្លើម និយាយរួមត្រូវមប្រើរាស្ត្រ ផ្តល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋ ។
ពួកគាត់បាននិយាយឲ្យដឹងទៀតថា លុះក្រោយមកលោកអភិបាលស្រុកបានកោះហៅភាគីឈ្មួញឈ្មោះ លឹម កាំង ដើម្បីចូលខ្លួនទៅដោះស្រាយបញ្ហានេះធ្វើឱ្យពួកគាត់សង្ឃឹមថានឹងមានដំណោះស្រាយបានសម ស្របជាមិនខាន ។ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់ខកបំណងនិងអស់ជំនឿទុកចិត្តនោះគឺបន្ទាប់ពីបានដឹងថាលោកអភិបាលស្រុកបានជួបឈ្មួញរួច ស្រាប់តែប្រែប្រួលឥរិយាបទ ១៨០ អង្សា ដោយពោលប្រាប់ឲ្យពួកគាត់ចែកដីឲ្យឈ្មួញពាក់កណ្តាលទៅទើបដោះស្រាយចេញ ។
ចំណុចនេះត្រូវបានគេឆ្ងល់ថា, ដំណោះស្រាយ យករឿងដើម្បីទាញយកប្រយោជន៍មែន ?
បានស្តាប់ដំណោះស្រាយដោយវិធីក្រឡាស់សម្តី១៨០អង្សា គ្មានសុភវិនិច្ឆ័យនិងហាក់ដូចជាត្រូវដងត្រូវផ្លែនឹងឈ្មួញ ឬ បានប្រយោជន៍អ្វីពីឈ្មួញយ៉ាងនេះ តើឲ្យគាត់សង្ឃឹមអីទៀត ? ខំសង្ឃឹមលើអាជ្ញាធរជាម៉ែឪរាស្រ្តឲ្យជួយរកដំណោះស្រាយសមស្រប បែរជាអាជ្ញាធរជាម៉ែឪត្រូវថ្នាំសណ្តំឈ្មួញទៅវិញ តើសមឬទេ ? នេះមិនខុសពីគេនិយាយលេង សើចថា ” បាត់មាន់ខំទៅប្តឹងព្រះឥន្រ្ទ ដឹងអីទៅដល់ឃើញព្រះឥន្រ្ទកំពុងសោយមាន់នោះឡើយ ” ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋ ២នាក់បងប្អូនដែលមានចំណេះដឹងមិនសូវជ្រៅជ្រះបានលក់ដីពីរកន្លែងទៅឲ្យឈ្មួញម្នាក់ឈ្មោះ លឹម កាំង តាំងពីឆ្នាំ ២០១៣ដោយរហូតមកដល់ឆ្នាំ ២០២៣ នេះមានរយៈពេល ១០ ឆ្នាំហើយនៅតែមិនទាន់ទទួលបានលុយលក់ដីឲ្យគ្រប់ចំនួនក្រៅពីប្រាក់កក់ចំនួន ៨.០០០ ដុល្លារនោះឡើយ។ ករណីនេះធ្វើឲ្យពួកគាត់ជួបការលំបាកខ្លាំងដោយសារនៅក្នុងលិខិតទិញលក់មិនបានចែងឲ្យច្បាស់លាស់នៃកាលបរិច្ឆេទដាច់ប្រាក់កក់តាមក្បួនច្បាប់ដែលមនុស្សនិងអ្នកច្បាប់ទូទៅសរសេរលើក្រដាសស្នាមទិញលក់បានចែងយ៉ាងច្បាស់ពីកាលបរិច្ឆេទនៃការដាច់ប្រាក់កក់ ប្រសិនបើអ្នកទិញមិនបានផ្ដល់ប្រាក់គ្រប់ចំនួនតាមកិច្ចសន្យាទេ។ ជាមួយនឹងផលលំបាកដោយការរង់ចាំយូរឆ្នាំ ពួកគាត់ចង់បង្កបង្កើនផលលើដីនេះបន្តមិនបាន ដោយសារអ្នកទិញបានរៀបចំគម្រោងបោកប្រាស់តាមរយៈប្រើក្រដាសស្នាមទិញលក់ដីធ្លីជាមួយគាត់ទុកជាស្រេច ហើយក្រដាសបោះពុម្ពនោះមិនបានចែងឲ្យច្បាស់លាស់អំពីកាលបរិច្ឆេទដាច់ប្រាក់កក់ក្រៅពីសរសេរថា បានទទួលប្រាក់កក់ចំនួន៨.០០០$ ហើយបង្ខំឲ្យគាត់ជាអ្នកមានការចេះដឹងតិច ផ្តិតមេដៃនោះឡើយ។
លោក ហួត ធឿន ជាបង និងលោក ហួត ពៅ ជាប្អូនរស់នៅភូមិ ដីក្រហម ឃុំ ព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅឆ្នាំ២០០៣ ខ្ញុំបានទិញដី១កន្លែងទំហំជិត២៤ហិកតានៅភូមិអូរតាពូង ឃុំភក្តី ស្រុក បសេដ្ឋខេត្តកំពង់ស្ពឺ ពីអ្នកភូមិ។ក្រោយមកនៅឆ្នាំ២០១៣ ដោយខ្វះខាតថវិកាចំណាយក្នុងគ្រួសារនិងខ្វះលុយឲ្យកូនរៀនក៏សម្រេចលក់ដីនេះឲ្យឈ្មួញឈ្មោះ លឹម កាំង នៅភ្នំពេញ ក្នុងតម្លៃ ១២.០០០$ក្នុង១ ហិកតា ហើយទទួលប្រាក់កក់បានតែ៨.០០០$ប៉ុណ្ណោះចាប់ពីពេលនោះមក។
សូមបញ្ជាក់ថា, កន្លងមកលោកមេភូមិ អូតាពូង ធ្លាប់ប្រាប់សារព័ត៌មានថា, ដីនេះពិតជាឈ្មោះរបស់ពីអ្នកបងប្អូនខាងលើមែន តែមានទំនាស់រឿងកក់ប្រាក់យូរឆ្នាំហើយ។ ដោយឡែកលោកមេឃុំភក្តី ប្រាប់អ្នកសារព័ត៌មានថា, គាត់ទើបមកថ្មី ដូច្នេះរឿងនេះបានបញ្ជូនទៅដោះស្រាយនៅស្រុកហើយ និយាយរួមផុតដៃគាត់ ។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះលោក ឈឺន សុធន អភិបាលស្រុក បសេដ្ឋ មិនអាចធ្វើការទំនាក់ទំនងបានទេ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែកន្លងទៅ បានប្រាប់សារព័ត៌មានក្នុងស្រុក តាមទូរស័ព្ទថា, គាត់ព្យាយាមដោះស្រាយ ឱ្យបានឆាប់ចប់ ។
សូមបញ្ជាក់ថា, ចំពោះការផ្លាស់ប្ដូរឥរិយាបថរបស់លោកអភិបាលស្រុកបសេដ្ឋ ១៨០ អង្សា យ៉ាងឆាប់រហ័សនេះ អាជ្ញាធរមូលដ្ឋានដែលជាម៉ែឪរបស់ប្រជាពលរដ្ឋគួរតែមានឆន្ទៈដោះស្រាយជូនពួកគាត់ឲ្យមានតម្លាភាពសមស្របផង មិនគួរណាត្រូវដងត្រូវផ្លែនឹងឈ្មួញ បែរជាមកចង់ត្របាក់យកទ្រព្យប្រជាពលរដ្ឋឲ្យឈ្មួញទាំងទទេយ៉ាងដូច្នេះឡើយ។ បើលោកអភិបាលស្រុកលម្អៀងដូច្នេះ តើឲ្យរាស្រ្តសង្ឃឹមអីទានប្រុស ?
បើយោងតាមសម្ដីម្ចាស់ដី ពីរនាក់ បងប្អូនបាន និយាយថា ,ពេលដែលខាងស្រុកហៅទៅធ្វើការដោះស្រាយជាមួយនឹងឈ្មោះ លឹម កាំង ដែលបានកក់ប្រាក់ដី នៅចំពោះមុខគ្នានោះ បែរជាលោកអភិបាលស្រុកបានបញ្ជាក់ថា ដីនោះលុះត្រាណាតែចែកគ្នាពាក់កណ្ដាលទើបដោះស្រាយចប់ ។ ដូច្នេះពួកគាត់ពីរនាក់បងប្អូនមានចម្ងល់ថា ហេតុអ្វីបានជាដំណោះស្រាយត្រូវយកដីរបស់គាត់ កាត់ពាក់កណ្ដាលទៅឲ្យឈ្មោះ លឹម កាំង នោះទៅវិញ ?
លោក លឹម កាំង អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ នេះ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែកន្លងមក គាត់ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា, អ្វីដែលគាត់មិនបានប្រគល់ប្រាក់ឲ្យ ដោយសារតែម្ចាស់ដីបានទទួលប្រាក់កក់ហើយ បើមិនរត់ការកាត់ឈ្មោះមកឲ្យគាត់ ទើបបង្កើតឲ្យមានការរាំងស្ទះដល់បច្ចុប្បន្ន។
ក្នុងករណីរឿងនេះដែរ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺ បានទេពី លោក វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២០មីនា នេះ ដោយទូរស័ព្ទខលមិនចូល ៕
IMG_8723 IMG_8720 IMG_8721 IMG_8722 IMG_8719 IMG_8718
ដោយ ៖ សហការី