ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក នៅរសៀលថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ ក្រោយពីទទួលបានដំណឹង និងការរាយការណ៍ពីប្រជាពលរដ្ឋតាមបណ្ដាញផ្សព្វផ្សាយសង្គមហ៊្វេសប៊ុក និងអង្គភាពសារព័ត៌មានមួយចំនួនបានចុះថា៖ អាជ្ញាធរជួយមើលផង ចាក់ស៊ីម៉ងត៍នឹងគល់បែបនេះ តើឈើនេះអាចរស់ដែរទេ? ទីតាំងមុខក្រសួងសុខាភិបាល។
រដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់បន្ថែមថា ភ្លាមៗនោះ នៅវេលាម៉ោង ១១:៥៨ នាទី ព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ដោយមានបញ្ជាដឹកនាំរបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះពិនិត្យ និងណែនាំម្ចាស់ហាង បេប៊ីអោតឡេត(Baby outlet) ដែលបំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន ៤ដើម នៅផ្លូវ ២៨៩ក្នុងសង្កាត់បឹងកក់២។ ជាក់ស្ដែងគណៈបញ្ជាការឯកភាពខណ្ឌ បានឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ចំពោះដើមឈើដែលងាប់ត្រូវដាំឡើងវិញមានទំហំប៉ុនដូចគ្នា ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការណ៍ ហើយធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬងាប់ដើមឈើខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌទួលគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាញសារព័ត៌មាន សាធារណជនទាំងអស់ដែលបានផ្ដល់ព័ត៌មានទាន់ហេតុការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់ និងទាន់ពេលវេលា៕
ដោយ ៖ សហការី