ព័ត៌មានទាន់ហេតុការណ៍៖

ថៃរំលាយរដ្ឋសភាដើម្បីត្រៀមបោះឆ្នោតនៅខែឧសភាខាងមុខ

ចែករំលែក៖

នៅក្នុងព្រះរាជសារដែលបានប្រកាសដោយរាជវាំងថៃ នៅថ្ងៃទី២០ខែមីនានេះ ព្រះមហាក្សត្រ Maha Vajiralongkorn បានចុះព្រះហស្គលេខារំលាយរដ្ឋសភា បើកផ្លូវសម្រាប់ការបោះឆ្នោត នៅពេលខាងមុខ។ ការសម្រេចនោះចូលជាធរមានភ្លាមៗ ។ តាមច្បាប់រដ្ឋធម្មនុញ្ញថៃ ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងក្នុងរយៈពេល ពី៤៥-៦០ថ្ងៃ ក្រោយការរំលាយរដ្ឋសភា។

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះបានរំលាយសភាដើម្បីឆ្ពោះទៅរៀបចំការបោះឆ្នោតសកលអាណត្តិថ្មីនៅខែឧសភាខាងមុខ ដែលជាការបោះឆ្នោតសកលលើកទី២ ក្នុងប្រទេសថៃ គិតចាប់តាំងពីរូបលោកបានឡើងកាន់អំណាចដំបូង តាមរយៈការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤។
ការបោះឆ្នោតក្នុងពេលប៉ុន្មានខែខាងមុខនេះ នឹងមើលឃើ់ញលោក ប្រាយុទ្ធ ត្រូវប្រកួតប្រជែងជាចម្បង ជាមួយកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រា គឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត្រា ដែលត្រូវគេរំពឹងថាជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសថៃ គឺគណបក្សភឿថៃ។ តាមការស្ទង់មតិថ្មីចុងក្រោយបង្អស់ ដែលទើបចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបង្ហាញថា អ្នកនាង ផែថោងថាន កំពុងមានសំឡេងគាំទ្រនាំមុខលោក ប្រាយុទ្ធ ដាច់កាន់តែឆ្ងាយ។ យ៉ាងណាមិញ រដ្ឋធម្មនុញ្ញដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧ ក្រោមអតីតរបបដឹកនាំយោធានឹងបង្កភាពលំបាក បើទោះបីជាបក្សភឿថៃទទួលសំឡេងគាំទ្របានច្រើន ក្នុងការបោះឆ្នោតក៏ដោយ។
ក្រោយការប្រកាសរំលាយសភាខាងលើ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ នឹងប្រកាសពីកាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោត ខណៈដែលកន្លងមកនេះ ធ្លាប់មានការបង្ហើបឱ្យដឹងថា វាទំនងជាអាចរៀបចំឡើងនៅថ្ងៃទី៧ ឬមួយក៏ថ្ងៃទី១៤ ខែឧសភា។ ប្រសិនបើគណបក្សភឿថៃ ទទួលជ័យជម្នះហើយអាចបង្កើតរដ្ឋាភិបាលថ្មីបាននោះអ្នកនាង ផែថោងថាន នឹងក្លាយជាសមាជិកទី៣ នៃត្រកូល ស៉ីណាវ៉ាត្រា ដែលក្លាយជានាយករដ្ឋមន្រ្តីប្រទេសថៃ បន្ទាប់ពីលោក ថាក់ស៉ីន ហើយនិងលោកស្រី យីងឡាក់ ដែលជាម្តាយមីង និងត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ របស់លោក ប្រាយុទ្ធ៕

ដោយ៖ ធីរីណា(រូបថត៖ TTXVN)


ចែករំលែក៖