ព័ត៌មានទាន់ហេតុការណ៍៖

ដើម​ឫស្សី​ពីងពង់កំពុងមានទីផ្សារនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គគីរ ឃុំ​ត្រស់បានឱ្យដឹង​ថា មាន​ក្រុមឈ្មួញបាន​ដើរ​ប្រមូល​ទិញ​ដើម​ឫស្សី​ពីងពង់ និង​ដើម​អាកា​ស្យាពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​រមាស​ហែកដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ប៉ុស្តិ៍​ច្រករបៀង​ខ្សែ​ដែក​ស្ថិតនៅឃុំត្រស់ ស្រុករមាសហែក។

   ប្រជាពលរដ្ឋ​បាន​លើក​ឡើងបន្ត​ថា ដើម​ឫស្សី​ពីងពង់ក្នុង​១​ដើម​ខ្នាត​តូច​លេខ​៣ លក់​បាន​តម្លៃ​២,០០០​រៀល​, ខ្នាត​មធ្យម​លេខ​២ក្នុង​១​ដើម​តម្លៃ ៣៥០០​រៀល និង​ខ្នាត​លេខ​១ក្នុង​១​ដើម​តម្លៃ​៤,៦០០​រៀល​។ មិន​ត្រឹម​តែប៉ុណ្ណោះក្នុង​១​គ្រួសារ​គឺ​កា​​ប់​ម្តង​១០០​ដើម​ទៅ​២០០​ដើម ហើយ​ប្រជាពលរដ្ឋ​ដែល​ដាំ​ឫស្សី​ពីងពង់​ច្រើនគឺ​នៅ​ស្រុក​រមាស​ហែកនិង​ស្រុក​ស្វាយ​ជ្រំ។

    ​តាម​ក្រុមឈ្មួញបាន​ប្រាប់​ឱ្យដឹង​ថា ដើម​ឫស្សី​ពីងពង់គេ​ប្រមូល​ទិញ​យក​ទៅ​ផ្គត់ផ្គង់​ឱ្យសិប្បកម្ម​ធ្វើ​គ្រឿង​សង្ហា​រឹម​នៅ​ក្នុង​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​ ចំណែក​ដើម​អាកាស្យា​វិញ មាន​មេការ​ខ្មែរ ជា​អ្នក​ដើរ​ម៉ៅពីចម្ការប្រជាពលរដ្ឋនិង​មន្ត្រី​ជំនាញថ្នាក់លើ លក់​បន្ត​ឱ្យឈ្មួញ​វៀតណាមដែលគេ​ដើរ​ប្រមូល​ទិញនិង​កាប់​ផ្ទាល់​តាម​ចម្ការ (​តម្លៃ​ម៉ៅ​គិត​តាម​ចម្ការ​តូច​ឬ​ធំ​) ដោយដើម​អាកា​ស្យា​ទាំងនេះ​ក៏​យក​ទៅ​លក់​ឱ្យរោង​សិប្បកម្ម​កែ​ច្នៃធ្វើ​គ្រឿង​សង្ហា​រឹម​ដែរ​។

    ពាក់ព័ន្ឌករណីខាងលើនេះដែរ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងនៅព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ថា ពិតជាមានក្រុមឈ្មួញបាន​ដើរ​ប្រមូល​ទិញ​ដើម​ឫស្សី​ពីងពង់ប្រាកដមែន ដោយសាររដូវនេះជារដូវប្រមូលផលក្នុងការដាំដើមនេះ ខណៈដែលបងប្អូនប្រជាពលរដ្ឋមានដីទំនេរ ហើយបាននាំគ្នាដាំនៅក្នុងសហគមន៍របស់ខ្លួនដើម្បីដោះស្រាយជីវភាពគ្រួសារបានធូរមួយកម្រិតផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖