ព័ត៌មានទាន់ហេតុការណ៍៖

អកុសលម្លេះ.!! រថយន្តតាក់ស៊ីរយ៉ែកិនក្មេងស្រីម្នាក់អាយុ១៧ខែ​ បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្មេងស្រីអាយុ១៧ខែម្នាក់ត្រូវបានរថយន្តសាំយ៉ុងបើកថយក្រោយទាំងខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យកិនស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ កាលវេលាម៉ោង១៦​ និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ៥៩CEo ផ្លូវបេតុងលេខ២ ភូមិសំបួរ សង្កាត់ដង្កោក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

    សពក្មេងស្រីរងគ្រោះមានឈ្មោះ សុក្រ ឆាតជេនណា អាយុ១៧ខែ​ រស់នៅជាមួយឪពុកម្ដាយត្រង់ចំណុចទីតាំងកើតហេតុ។​ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សាង កុសល អាយុ ៣២ ឆ្នាំមុខរបរបើកបររថយន្តឈ្នួល មានទីលំនៅភូមិសន្លូងលាប ឃុំព្រៃគ្នេស ស្រុកមេសាង​ ខេត្តព្រៃវែង ខណៈនេះកំពុងរត់គេចខ្លួន។

  បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ មានអ៊ុំក្មេងស្រីរងគ្រោះស្នាក់នៅផ្ទះជាប់គ្នាបានហៅរថយន្តឈ្នួលម៉ាកសាំងយ៉ុង​ ពណ៌ស​  ពាក់ផ្លាកលេខភ្នំពេញ2AM-0807 បើកបរដោយបុរសម្នាក់ជាអ្នកស្រុកជាមួយគ្នាឱ្យមកយកក្មេងស្រី​ដើម្បីទៅលេងស្រុកកំណើត ខណៈរថយន្តមកដល់ក្មេងស្រីរងគ្រោះកំពុងដើរលេងនៅមុខផ្ទះ ហើយនៅពេលភ្ញៀវឡើងជិះរថយន្តអស់ហើយតៃកុងក៏បានឡើងបើករថយន្តថយក្រោយដោយខ្វះការប្រុងប្រយ័ត្នមិនដឹងថាក្មេងស្រីរងគ្រោះរត់ទៅពីក្រោយរថយន្តនៅពេលណា​ ដោយកិនក្មេងស្រីរងគ្រោះចំកង់ក្រោយខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់​ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកអ្នកបើកបររថយន្តដោយឃើញសភាពការណ៍មិនស្រួលក៏បានចុះរត់គេចខ្លួនបាត់ស្រមោល​ ។ 

    ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ​ បានសហការជាមួយកម្លាំងជំនាញចុះមកដល់កន្លែងកើតហេតុ​ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ចំណែកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖