ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសបន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តពីរគ្រឿងបុកគ្នាហើយក៏រេចង្កូតមកប៉ះម៉ូតូដែលគាត់កំពុងជិះនិងវិលទៅបោកផ្ទប់ទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវបំបែកជា៤ ផ្លូវសម្ដេចជាស៊ីមកែងនឹងផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកRANGE ROVER ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ2T.8988 បើកដោយបុរសម្នាក់និងរួមដំណើរដោយស្រ្តីម្នាក់ទៀតតាមបណ្ដោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តម៉ាកTOYOTA HIGH LANDER ពណ៌បៃតង ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ2AF-8035បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២០១១ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងពេញទំហឹងហើយក៏រេចង្កូតទៅប៉ះម៉ូតូម៉ាកHONDA MOOVE ពណ៌ខ្មៅលាយផ្កាឈូក ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HY-4357 ដែលបើកដោយស្រ្តីម្នាក់តាមបណ្ដោយផ្លូវលេខ២០១១បណ្តាលឱ្យរងរបួសនិងខ្ទាតម៉ូតូចូលក្រោមរថយន្តRANGE ROVER ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ។ រីឯរថយន្ត HIGH LANDERមិនទាន់អស់ល្បឿនក៏វិលទៅបោកផ្ទប់ទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះគេឃើញរថយន្ត HIGH LANDER បើកចេញពីកន្លែងកើតហេតុទៅផ្លូវភ្នំពេញ-ហាណូយមកដល់ស្ពានអូរតាគុជត្រូវបានសមត្ថកិច្ចឃាត់បានយកមកកន្លែងកើតហេតុវិញ។ ចំណែកឯស្ត្រីដែលជិះម៉ូតូរងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះផងដែរ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបានចុះមកធ្វេីការវាស់វែងយកមធ្យោបាយទាំងបីគ្រឿងដែលជាវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ