ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស សហការជាមួយ Beyond The Games​ នឹងរៀបចំទិវាគ្រួសារ ‘លើសពីការប្រកួត’ នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍បេះដូងសប្បុរស ‘NagaWorld Kind Hearts’ ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយ Beyond The Games (BTG) រៀបចំទិវាគ្រួសារ ‘Family Day’ នៅកីឡដ្ឋានកំពង់ស្ពឺជាកីឡដ្ឋានដែលទើបនឹងដាក់សម្ពោធនាពេលថ្មីៗ។ ទិវាគ្រួសារលើសពីការប្រកួតនេះ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនាឆ្នាំ២០២៣ខាងមុខនេះក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើកដំបូងនៅក្នុងខែឧសភានេះ។លើសពីការប្រកួតឬហៅជាភាសាអង់គ្លេសថា‘Beyond The Games’ គឺជាគំនិតផ្តួចផ្តើមដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (...) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលមានគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយប្រទេសកម្ពុជាលើសពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រនិងម្ហូបប្រពៃណីខ្មែរ ។ល។

ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games នឹងផ្តល់ជូននូវល្បែងកម្សាន្តលក្ខណៈគ្រួសារសប្បាយៗជាច្រើននៅថ្ងៃទិវាគ្រួសារ Family Day នេះ។ ក្នុងខណៈពេលដែលកីឡដ្ឋានកំពង់ស្ពឺគឺជាកីឡដ្ឋានក្នុងទឹកដីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍NagaWorld FC កីឡាកររបស់ក្លិបក៏នឹងមានវត្តមាននៅទីនោះដើម្បីជួបជាមួយអ្នកគាំទ្រ និងលេងហ្គេមជាមួយអ្នកចូលរួមផងដែរ។ ណាហ្គាវើលដ៍បេះដូងសប្បុរសនឹងតាំងបង្ហាញពានរង្វាន់Stevie ដ៏មានកិត្យានុភាព ១៥ ដែលពួកគេបានឈ្នះដែលរួមបញ្ចូលពានរង្វាន់មាសដែលពួកគេបានឈ្នះក្នុងឆ្នាំ២០២១ ផងដែរ។ អ្នកចូលរួម ក៏នឹងមានឱកាសបង្ហាញជំនាញរបស់ពួកគេតាមរយៈការលេងហ្គេមបាល់ទាត់សប្បាយៗជាច្រើន ឬក៏អាចឧបត្ថម្ភជាទឹកប្រាក់ដើម្បីទិញកូនឈើយកទៅដាំដោយដាក់ឈ្មោះរបស់ពួកគេទៀតផង។ នៅក្នុងទិវានេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំផងដែរសម្រាប់អ្នកចូលរួមគ្រប់វ័យ។ Beyond The Games នឹងបង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាតាមរយៈសកម្មភាពកីឡា និងការលេងហ្គេមផ្សេងៗ។អ្នកចូលរួម ក៏អាចជួយបត់ក្រដាសរាងបេះដូងដើម្បីជួយBTG ឱ្យទទួលបានក្រដាសរាងបេះដូងចំនួន លាននៃឯតទគ្គកម្មហ្គីណេសពិភពលោកផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថាណាហ្គាវើលដ៍បេះដូងសប្បុរស មានមោទកភាពក្នុងការគាំទ្រ Beyond The Games ដើម្បីជួយអភិវឌ្ឍសហគមន៍ និងកីឡាយុវជននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះសម្រាប់ប្រទេសកម្ពុជា។ វាជាឱកាសដ៏អស្ចារ្យសម្រាប់ពួកយើងដែលត្រូវផ្តល់ត្រឡប់ដល់សហគមន៍ និងភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមរយៈព្រឹត្តិការណ៍ដែលប្រកបដោយការអប់រំ និងសប្បាយរីករាយនេះ

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង ៤៩៦.៥៤០ នាក់ និងទទួលបានរង្វាន់ក្នុងតំបន់ និងអន្តរជាតិជាង ៣០ ដែលរួមបញ្ចូលពានរង្វាន់Stevie ចំនួន ១៥ដែលបានឈ្នះចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២៕ ដោយ៖សតារា

ណាហ្គាវើលដ៍បេះដូងសប្បុរស និងទិវាគ្រួសារ លើសពីការប្រកួតនឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ពីម៉ោង ២:៣០ រសៀលដល់ ៦ ល្ងាច នៅកីឡដ្ឋាន កំពង់ស្ពឺដែលទើបនឹងសម្ពោធថ្មីៗសូមអញ្ជើញចូលរួមឱ្យបានគ្រប់ៗគ្នា

នឹងមានល្បែងកម្សាន្តសប្បាយៗដ៏សម្បូរបែបនៅថ្ងៃ ‘ទិវាគ្រួសារ’ ដែលអ្នកចូលរួមអាចឈ្នះរង្វាន់ដ៏ច្រើន!

ចូលរួមឧបត្ថម្ភសម្រាប់ការទិញ និងដាំកូនឈើជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស នៅថ្ងៃ ‘ទិវាគ្រួសារ’ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង។

 


ចែករំលែក៖