ភ្នំពេញ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញដល់ប្រព័ន្ធរាងកាយរបស់យើង ដូច្នេះអ្នកត្រូវបរិភោគអាហារដែលមានផ្ទុកសារជាតិប្រូតេអ៊ីនខ្ពស់ ឱ្យបានយ៉ាងហោចណាស់ ៥០ក្រាម ក្នុងមួយថ្ងៃ គឺជារឿងដែលអ្នកគួរធ្វើវា។
ជាក់ស្ដែងអ្នកអាចពិនិត្យបញ្ជី នៃប្រភេទអាហារដែលសម្បូរទៅដោយសារជាតិប្រូតេអ៊ីន ដើម្បីទទួលបាននូវគំនិតដ៏ល្អ ក្នុងការរួមបញ្ចូលជាតិប្រូតេអ៊ីន ទៅក្នុងរបបអាហាររបស់អ្នក។ ប្រភេទអាហារដែលមានផ្ទុកសារជាតិប្រូតេអ៊ីនក្នុងបរិមាណខ្ពស់ គឺមានសារៈប្រយោជន៍ក្នុងការរក្សាខ្លួនអ្នក ឱ្យមានថាមពល និងធ្វើឱ្យមុខងាររបស់រាងកាយ អ្នកមានដំណើរការបានល្អ។ ភាគ ច្រើនប្រភពនៃសារជាតិប្រូតេអ៊ីន គឺមានមកពីសត្វមានដូចជា ទឹកដោះគោ, ស៊ុត និងសាច់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសបរិភោគតែបន្លែ និងផ្លែឈើ នោះអ្នកអាចបរិភោគ សណ្តែកខៀវមួយពែងកន្លះ ។
វាក៏មានសារសំខាន់ ក្នុងការពិនិត្យនូវជាតិខ្លាញ់, សូដ្យូម និងអាហារដែលមានជាតិស្ករ ហើយវាក៏ចាំបាច់ដែរ ក្នុងការពិនិត្យប្រភេទអាហារដែលមានផ្ទុកជាតិប្រូតេអ៊ីន។ ប្រភេទអាហារដែលមានផ្ទុកជាតិប្រូតេអ៊ីន គឺអាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត បន្ទាប់ពីទទួលទានអាហាររួច។ អ្នកក៏យល់ថា អ្នកមានថាមពលពេញមួយថ្ងៃ ហើយវាក៏ផ្តល់អត្ថប្រយោជន៍ផងដែរ ដល់សាច់ដុំ, ការរីកធំធាត់ និងសុខុមាលភាពទាំងស្រុងរបស់រាងកាយ។ ខាងក្រោមនេះ គឺជាបញ្ជីនៃប្រភេទអាហារដែលសម្បូរ ទៅដោយសារជាតិប្រូតេអ៊ីន និងវិធីងាយៗដែលអាចទទួលបានវាពីអាហារដែលអ្នកត្រូវទទួលទាន។
* សណ្តែកខៀវ៖ ដូចដែលបានលើកឡើងមកពីខាងលើនេះ គឺថាសណ្តែកខៀវមួយពែងកន្លះ មានផ្ទុកនូវសារជាតិប្រូតេអ៊ីន ស្មើនឹងបន្ទះសាច់ចៀន ៣អូស។ សណ្តែកខៀវ គឺមានតម្លៃថោក និងងាយទទួលទានជាមួយអាហារផ្សេងៗទៀត។
* ស៊ុត៖ ស៊ុតមួយគ្រាប់ មានផ្ទុកជាតិប្រូតេអ៊ីន ៦ក្រាម។ ស៊ុតក៏មានផ្ទុកសារជាតិវីតាមីន និងសារជាតិរ៉ែសំខាន់ៗជាច្រើនទៀត ហើយពួកវាគឺសុទ្ធតែជា essentialamino acids ។
* ផលិតផលដែលធ្វើពីជាតិទឹកដោះគោ៖ ទឹកដោះគោ, ហ្វ្រូម៉ាស់ និងទឹកយ៉ាអួរ គឺសុទ្ធតែជាប្រភេទ អាហារដែលសម្បូររទៅដោយសារជាតិប្រូតេអ៊ីន។ ទឹកដោះគោមានផ្ទុកសារជាតិប្រូតេអ៊ីន ប្រហែលជា ៦,៣ក្រាម នៃជាតិប្រូតេអ៊ីនដ៏ខ្ពស់។ ផលិតផលដែលធ្វើពីជាតិទឹកដោះគោ ក៏មានផ្ទុកនូវសារជាតិកាល់ស្យូមដែលជួយឱ្យឆ្អឹង និងធ្មេញរឹងមាំបានផងដែរ។
* អាហារសមុទ្រ៖ ការបរិភោគនូវអាហារសមុទ្រ គឺជាវិធីដ៏អស្ចារ្យមួយក្នុងការទទួលបាននូវសុខភាពល្អ និងសារជាតិប្រូតេអ៊ីនក្នុងកម្រិតដ៏ខ្ពស់។ ប្រភេទត្រីដូចជា សាលម៉ុន មានផ្ទុកនូវសារជាតិ Omega- 3 Fatty Acids ដែលវាផ្តល់អត្ថប្រយោជន៍ជាខ្លាំងចំពោះបេះដូង និងខួរក្បាល។
* សាច់បសុបក្សី៖ ប្រភេទសាច់សដែលគ្មានខ្លាញ់ មានដូចជាសាច់មាន់ធម្មតា ឬមាន់ទួគី (ដោយមិនមានស្បែក) គឺជាប្រភេទអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងមានខ្លាញ់ទាប។ មិនថា នំសាំងវិច ដែលមានដាក់នូវសាច់មាន់ធម្មតា ឬសាច់មាន់ទួគី គឺអាចជាអាហារដ៏ប្រសើរក្នុងពេលថ្ងៃត្រង់ ដែលអាចឱ្យអ្នកមានអារម្មណ៍ថាឆ្អែតពេញមួយថ្ងៃបាន។
* សណ្តែកសៀង៖ វាគឺជាប្រភពដ៏ប្រសើរនៃពពួកប្រូតេអ៊ីន សម្រាប់អ្នកដែលបរិភោគតែបន្លែ និងផ្លែឈើ។ ការសិក្សាអង្កេតស្រាវជ្រាវ បានបង្ហាញថា ការទទួលទាននូវសារជាតិប្រូតេអ៊ីន ២៥ក្រាមនៃសណ្តែកសៀង គឺអាចកាត់បន្ថយនូវឱកាសគ្រោះថ្នាក់ប្រឈមនឹងជំងឺបេះដូង។
* សាច់គោ៖ សាច់គោមួយដុំ ដែលគ្មានខ្លាញ់ គឺជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលមានកម្រិតខ្ពស់ ។ សាច់គោ មានផ្ទុកសារជាតិប្រូតេអ៊ីនចំនួន ២៥ក្រាម , ជាតិស័ង្កសី, ដែក និង វីតាមីន B12 ។
ចូរប្រាកដថា អ្នកអាចរកទិញបានប្រភេទនៃជម្រើសអាហារដែលស្រស់ៗ និងផ្តល់ផលល្អចំពោះសុខភាព ដើម្បីឱ្យអ្នកអាចទទួលបាននូវអត្ថប្រយោជន៍ពេញលេញ នៃសារជាតិប្រូតេអ៊ីន ក្នុងកម្រិតដ៏ខ្ពស់មួយ។ ប្រសិនបើអ្នកបានបរិភោគអាហារដែលមានផ្ទុកនូវសារជាតិប្រូតេអ៊ីនបន្តិច នោះអ្នកនឹងមានអារម្មណ៍ថា មិនសូវឃ្លាននៅក្នុងពេលថ្ងៃ និងមិនសូវមានចំណង់ញាំច្រើនជ្រុល ឬចង់ទទួលទានអាហារសម្រន់ច្រើននោះទេ។ អ្នកក៏នឹងសម្គាល់ឃើញផងដែរថា កម្រិតនៃថាមពលរបស់អ្នកមានការកើនឡើង ប្រសិនបើអ្នកបានហាត់ប្រាណផងដែរ នោះអ្នកនឹងមានថាមពល និងសាច់ដុំរឹងមាំជាងមុន៕
ដោយ៖ សហការី