ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះ ត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។
តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន វ៉ាន់ដា បានឲ្យដឹងថា និស្សិតជ័យលាភីនាថ្ងៃនេះមានកម្រិត បរិញ្ញាបត្ររង និង បរិញ្ញាបត្រ ចំនួន ៤.៧០៥ នាក់ ( នារី ៤.២២១ នាក់) ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ នៅទីតាំងគោលរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០ នាក់ ( នារី ៤២ នាក់ ) ផងដែរ។
វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះ មានទីតាំងចំនួន ៣កន្លែង កំពុងដំណើរការ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង ២កន្លែងទៀតនៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ វិទ្យាស្ថាន វ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និង សាស្ត្រាចារ្យ សរុបចំនួន ៩៧១ នាក់ ( នារី ៣៨១ នាក់ ) និង និស្សិត កំពុងសិក្សា ចំនួន ១០.៨៧៦ នាក់ ( នារី ៩.៨៣៥ នាក់ ) និង គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង សរុបចំនួន ៤៦.៨៨៦ នាក់ ( នារី ៣៩.២៩៧ នាក់ )។ ដោយឡែក ចំពោះនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រនាឱកាសនេះវិញ យោងតាមការធ្វើអង្កេតបានបង្ហាញថា និស្សិតចំនួន ៤.៧០៥ នាក់ នេះ អ្នកមានការងារធ្វើ ចំនួន ៤.៤២៥ នាក់ ស្មើនឹង ៩៤,០៥%។
ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និងការផ្តល់សេវាអប់រំ ប្រកបដោយ គុណភាពនោះ វិទ្យាស្ថាន វ៉ាន់ដា បានអនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិត ក្នុងគោល បំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និង ទីផ្សារការងារ បច្ចុប្បន្ន។ ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំ ពង្រីកទីតាំងបន្ថែមទៀត ពិសេស អគារសិក្សា បណ្ណាល័យ អ៊ិនធើណែត ដោយបំពាក់សម្ភារឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង ស្ថាប័នពាក់ព័ន្ធ, សមាគមគណនេយ្យករ ចក្រភពអង់គ្លេស, សាកលវិទ្យាល័យមួយចំនួនក្នុង ព្រះរាជាណាចក្រថៃ និង សាធារណៈរដ្ឋប្រជាមានិតចិន ជាដើម។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) នៅម៉ោង៧:០០នាទីព្រឹក ពីមជ្ឈមណ្ឌលកោះពេជ្រ៕
ដោយ ៖ សិលា