ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក នៅពេលណាដែល លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់តំណែងនយោបាយ។ នេះជាប្រសាសន៍លើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស នៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសបែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ទុកឱ្យហើយទេ ក្នុងករណីដែល ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ អ្នកដែលឡើងកាន់ជើងគោក គឺអនុមេបញ្ជាការជើងគោកបច្ចុប្បន្ន និងជាមេបញ្ជាការ ម៉ៅ សុផាន់ មិនមែន ហ៊ុន ម៉ានិតទេ សូមបញ្ជាក់ទុកជូនឱ្យហើយ កុំឱ្យប៉ាន់ស្មានតែផ្តាស់ ហើយត្រូវជឿជាក់នៅក្នុងកងទ័ព»។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមានសិទ្ធិចាត់ចែងបែបនេះ ដោយពិភាក្សាជាមួយអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។
ការប្រកាសរបស់ សម្តេចតេជោ បែបនេះ បានធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយពាក់ព័ន្ធនឹងការតែងតាំង លោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក ត្រូវគណបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្តល់ ផ្តល់ទំនុកចិត្ត ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អនាគត ខណៈលោកបណ្ឌិត ជាមេដឹកនាំ ដ៏មាន សមត្ថភាព ចំណេះដឹង គុណធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ បទពិសោធន៍ ប្រជាប្រិយភាព និងមិនមានប្រវត្តិណាមួយ ដែលលោកបណ្ឌិត បានធ្វើអ្វីខុស ប៉ះពាល់ដល់ អ្នកដទៃ គាត់គោរព ស្រឡាញ់ ប្រជាពលរដ្ឋ ការពារ សន្តិភាព ៕
ដោយ ៖ សិលា