ភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូបណ្តើរឆាតទូរស័ព្ទលេងបណ្តើរ ឱកាសល្អរបស់ជនសង្ស័យមួយក្រុមបានជិះមកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ជិតផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះសូមមិនបញ្ចេញឈ្មោះដោយជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ក្រហម ដោយទូរស័ព្ទដៃមួយគ្រឿងដែលក្រុមចោរឆក់យកទៅបាត់ម៉ាក iPhone 11 Pro Max ។
តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ដំបូងឡើយគាត់ចេញពីសួនមុខវត្តបទុមវតី ធ្វេីដំណេីរតាមបណ្តោយផ្លូវសុធារស ទិសដៅពីជេីងមកត្បូង ខណៈមកដល់ផ្លូវ២៩៤ក៏បានបត់ឆ្វេង មកជិតដល់ផ្សារកាប់គោស្រាប់តែលិចមុខជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ជិះម៉ូតូ៤គ្រឿងមកពីក្រោយទន្ទឹមនឹងគាត់ហើយក៏លូកដៃឆក់ទូរស័ព្ទរបស់គាត់ខណៈពេលដែលគាត់កំពុងតែលេងឆាតបណ្ដើរជិះម៉ូតូបណ្ដើរបានសម្រេច ។ ភ្លាមៗជនរងគ្រោះក៏បានស្រែថាចោរៗដេញតាមពីក្រោយជនសង្ស័យរហូតមកដល់ មហោស្រព្យចេនឡាក៏បាត់ស្រមោលតែម្ដង ។
បន្ទាប់មកជនរងគ្រោះក៏ត្រឡប់វិញទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីកំណត់មុខសញ្ញា ឱ្យសមត្ថកិច្ចតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន ៕
ដោយ ៖ ភារ៉ា ដង្កោ