ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ មនី្ទរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានត្រៀមរៀបចំកម្មវិធីសង្រ្កានវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
បើតាមលោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌និងវិចិត្រសិល្បៈបរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះថា មនី្ទរវប្បធម៌ បានត្រៀមរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦-គ.ស.២០២៣ សម្រាប់ដែនដីរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយករមណីយដ្ឋានវប្បធម៌ប្រវតិ្តសាស្រ្តវត្តភ្នំធ្វើជាសង្រ្កាន ដែលហៅថា «សង្រ្កានវត្តភ្នំ»។ ទន្ទឹមនឹងនោះថ្នាក់ដឹកនាំក៏បានរៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំកន្លងមកហើយ នូវរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាពិសេសដើម្បីតៀមរៀបចំកម្មវិធីកម្សាន្តសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទឹកដីរាជធានីភ្នំពេញ ក៏ដូចជាជុំវិញរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តមួយចំនួនដែលចូលចិត្តមករាជធានីភ្នំពេញ ខ្លះក៏មិនចង់ទៅឆ្ងាយ អញ្ជើញមកកម្សាន្តសប្បាយនៅរមណីដ្ឋានវប្បធម៌ប្រវតិ្តសាស្រ្តវត្តភ្នំ។
លោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញបាននិយាយថា ឆ្នាំនេះគឺចូលឆ្នាំថោះ បញ្ចស័ក គឺនៅថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ចូលឆ្នាំ គឺទេវតាចុះនាវេលាម៉ោង៤រសៀល។ ដូច្នេះមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានត្រៀមរៀបចំទទួលទេវតា នៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ហើយទន្ទឹមនឹងនោះ យើងក៏បានត្រៀមរៀបចំ៣ថ្ងៃ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើង ក្នុងនោះយើងបានរៀបចំការកម្សាន្តលេងល្បែងប្រជាប្រិយនានា ក្នុងបរិវេណសង្រ្កានវត្តភ្នំ ចាប់ពីម៉ោង៨ព្រឹក រហូតទៅដល់ទេវតាចុះ ព្រមទាំងប្រគំតន្រី្តលេងកម្សាន្តរហូតដល់យប់ផងដែរ។
លោក ជុំ វុឌ្ឍី បានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំក៏មានរៀបចំការសម្តែងរបាំត្រុដិ និងលេងកម្សាន្តល្បែងប្រជាប្រិយនានា និងការប្រគំតន្រី្ត និងថ្ងៃទី៣ កិច្ចពិធីបុណ្យស្រង់ព្រះ ដោយដង្ហែប្រទក្សិណ៣ជុំ ក្នុងបរិវេណវត្តភ្នំ។ ក្នុងនោះដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ រាល់បរិវេណនៅជុំវិញវត្តភ្នំ យើងបានធ្វើអនាម័យគ្រប់បែបយ៉ាង ដូចជារៀបចំការ៉ូឡាថ្មី កែលម្អខឿន លាបថ្នាំថ្មី នៅតាមបណ្តោយបរិវេណសួនលោកយាយពេញផងដែរ៕
ដោយ ៖ រ៉ារ៉ា