ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វេីការសម្របសម្រួលជាមួយស្ថាប័នតុលាការ ដើម្បីពន្លឿនការជំនុំជំរះក្តី ចំពោះបទល្មើសគ្រឿងញៀន ឱ្យបានឆាប់រហ័ស និងបន្តពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ លើបទល្មើសគ្រឿងញៀនណាដែលសង្ស័យថា មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ផងដែរ។
នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា «ក្រសួង-ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ក្រសួងយុត្តិធម៌ ត្រូវសម្របសម្រួលជាមួយស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿនការជំនុំជំរះក្តី នៃបទល្មើសគ្រឿងញៀន ឱ្យបានឆាប់រហ័ស និងបន្តពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ លើបទល្មើសគ្រឿងញៀនណាដែលសង្ស័យថា មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដើម្បីធ្វើការដកហូតបានទាន់ពេលវេលានូវទ្រព្យសម្បត្តិ ដែលបានមកពីផល នៃការប្រព្រឹត្តបទល្មើស និងបង្ហាញពីឆន្ទៈ កិច្ចសហប្រតិបត្តិការ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ចូលរួមស៊ើបអង្កេតស្រាវជ្រាវប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានគាំទ្រដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងក្របខណ្ឌសកលលោក»។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ក៏បានណែនាំបន្ថែមដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង-សា្ថប័នជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពន្លឿនការធ្វើវិសោធនកម្មច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងរៀបចំតាក់តែងគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដើម្បីបម្រើដល់ការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ ក្នុងប្រទេសកម្ពុជា ជាពិសេស ការរៀបចំច្បាប់ថ្មីពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យ ការប្រើប្រាស់សារធាតុគីមីផ្សំ សំដៅដល់ការទប់ស្កាត់ការបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព។
លើសពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន វិស័យសាសនា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់កើតចេញពីការប្រើប្រាស់គ្រឿងញៀន ដល់គ្រប់ស្រទាប់មហាជន និងមុខសញ្ញាប្រឈម ជនងាយរងគ្រោះ និងពង្រឹងការអនុវត្តគោលនយោបាយសម្រាប់ព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនប្រកបដោយលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតាមមជ្ឈមណ្ឌលជាតិ មណ្ឌលបណ្តោះអាសន្ន និងតាមសហគមន៍ សំដៅគាំទ្រដល់ យុទ្ធសាស្ត្រកាត់បន្ថយតម្រូវការប្រើប្រាស់ និងឈានទៅកាត់ផ្តាច់ទីផ្សារផ្គត់ផ្គង់គ្រឿងញៀនរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀនឱ្យខានតែបាន៕
ដោយ ៖ សហការី