ភ្នំពេញ ៖ សង្ស័យតែតៃកុងស្រវឹងស្រា ហើយបានបើករថយន្តម៉ាក fortuner ពាក់ផ្លាកលេខរដ្ឋមួយគ្រឿងបណ្ដាលឱ្យធ្លាក់ចូលក្នុងប្រឡាយទឹកបឹងសាឡាងក្រឡាប់ផ្ងារជើងច្រងាងៗ កាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែមីនាឆ្នាំ ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវប្រឡាយលូបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកfortuner មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ 17 2.7117 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែក្នុងទិសដៅពីត្បូងមកជើងដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកលូបឹងសាឡាង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋជិតខាងជួយយកឡើងមកលើគោកមិនមានរងរបួសនោះទេ ហើយក៏បានដើរគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលផងដែរ ។
ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានមេីលឃើញស្ថានភាពមិនប៉ះពាល់ទៅលើមនុស្សនិងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋក៏ឱ្យម្ចាស់រថយន្តទាក់ទងទៅរថយន្តស្ទូចមកស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង៕
ដោយ ៖ ភារ៉ា ដង្កោ