ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើ ឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។
សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីបើកសមយុទ្ធនេះនឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ ឈិន មិនធានន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោល បំណងគំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជា ការកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧ នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។
អ្នកនាំពាក្យរូបនេះបន្តថា សមយុទ្ធនេះគឺជាការផ្សារភ្ជាប់ កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។
គួរបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន ធ្វើ ឡើងចំនួន ៤លើករួចមកហើយ។ ការធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿង ញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕
ដោយ៖ សូរិយា