ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មនុស្សមួយក្រុមចាប់មនុស្សគ្មានដីកាតុលាការ ប្រុងបោះចូលក្នុងឡាន បានប្រជាពលរដ្ឋឆោឡោធ្វើអន្តរាគមន៍ក៏ឆ្លើយថាចាប់ច្រឡំ ហើយរត់ប្រាស់អាយុបាត់អស់ទៅ នៅកំពង់ដកោះនរា ខណ្ឌច្បារអំពៅ !

ចែករំលែក៖

    ភ្នំពេញ ៖ គេមិនដឹងថាជាសមត្ថកិច្ចមកពីអង្គភាពណាទេ ព្រោះមានរថយន្តស៉ីវិល១គ្រឿងនិងម៉ូតូពាក់ស្លាកលេខ ន.ប មួយគ្រឿងតែប៉ុណ្ណោះ ប្រុងចាប់មនុស្សបោះចូលឡាន តែបានប្រជាពលរដ្ឋឆោឡោធ្វើអន្តរាគមន៍ ក៏ឆ្លើយថាចាប់ច្រឡំ ហើយនាំគ្នាបើកឡាន ម៉ូតូ រត់យករួចខ្លួនបាត់អស់ទៅនៅកំពង់ដកោះនរា ខណ្ឌច្បារអំពៅ  ដែលរឿងនេះឈានដល់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក៏ឆ្ងល់ដែរ ដោយសារតែសកម្មភាពនេះហាក់ដើរធ្វើសុី ឆក់កណ្តៀត លាក់លៀមជាមួយអាជ្ញាធរដែនដី ។ 

     ហេតុការណ៍នេះ បានកើតឡើងនៅកំពង់ដ កោះនរា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

    សូមបញ្ជាក់ថា ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទើបមានប្រសាសន៍ព្រមានរួចហើយរឿងនគរបាលយុត្តិធម៌ដើរចាប់មនុស្សគ្មានដីកា ឬតុលាការចេះតែចេញដីកាចាប់មនុស្សផ្ដេសផ្ដាសហ្នឹង តែហាក់មិនស្ដាប់ការណែនាំនេះទាល់តែសោះតែម្ដង។ 

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ព្រមានដកផ្កាយនគរបាលយុត្តិធម៌រូបណាចាប់រឿងជម្លោះដីធ្លីដាក់ពន្ធនាគារដោយអយុត្តិធម៌..! ។ 

    សូមរម្លឹកថា កន្លងទៅមានករណីក្រុមនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើសកម្មភាពដេញចាប់និងវ៉ៃខ្នោះប្រជាពលរដ្ឋនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ប៉ុន្តែដោយឃើញជនរងគ្រោះស្រែកឱ្យប្រជាពលរដ្ឋជួយ និងស្រែកថាខ្លួនមិនបានប្រព្រឹត្តបទល្មើសអ្វីទេ ទើបប្រជាពលរដ្ឋជាច្រើននាក់បានជួយធ្វើអន្តរាគមន៍ ជួយជនរងគ្រោះរំដោះចេញពីកណ្ដាប់ដៃក្រុមមន្ត្រីនគរបាលទាំងនោះ។ ក្រោយមកពួកគេបានចាកចេញពីកន្លែងកើតហេតុ បន្សល់ទុកនៅតែស្នាមនៃការឈឺចាប់នៃជនរងគ្រោះ និងការរិះគន់របស់ប្រជាពលរដ្ឋ។ ជុំវិញបញ្ហាទាំងអស់នេះផងដែរ សាមីអង្គភាពក៏បានចេញលិខិតធ្វើការព្រមានដល់មន្ត្រីទាំងនោះជាមួយនឹងការដាក់ពិន័យ ដោយចាត់ទុកថាសកម្មភាពទាំងនេះជាអំពើមិនស្របច្បាប់។ ប៉ុន្តែជនរងគ្រោះបានត្រឹមតែ ស្រែករកយុត្តិធម៌និងបង្ហាញពីភាពឈឺចាប់ ដោយសន្យាថាទោះបីជាខ្លួនក្រយ៉ាងណាក៏ដោយក៏ឈប់មករកស៊ីរត់ម៉ូតូកង់បីនៅរាជធានីភ្នំពេញដែរ ដោយសារមានសមត្ថកិច្ចដែលខិលខូចមកធ្វើការចោទប្រកាន់និងចាប់ដាក់ខ្នោះធ្វើបាបខ្លួន ដោយគ្មានមូលហេតុ រួចហើយបានត្រឹមតែអះអាងថាចាប់មនុស្សច្រឡំ។ 

    សូមជម្រាបថា មានការភ្ញាក់ផ្អើលកាលពីម្សិលមុិញ ខណៈមានជនស៊ីវិលមួយក្រុមប្រដាប់ដោយអាវុធជិះរថយន្តចុះចាប់មនុស្សក្បែរកំពង់ដកោះនរា ក្នុងហេតុផលថា បង្ក្រាបគ្រឿងញៀន ! តាមពិតគឺជាសកម្មភាពដែលពួកគេបានធ្វើលក្ខណៈធ្វើស៊ី ហើយស្រែកថាចាប់មនុស្សច្រឡំ។ 

    បន្ទាប់ពីមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅជិតកំពង់ដកោះនរា មានករណីឃាត់ខ្លួនមនុស្សដោយកម្លាំង១ ក្រុមស្លៀកពាក់ជាស៊ីវិលជិះរថយន្តមួយគ្រឿង បានចុះទៅចាប់ឃាត់ប្រជាពលរដ្ឋរុញចូលក្នុងរថយន្តរបស់ខ្លួន ហើយ ដោយមិនបានបញ្ជាក់អំពីមូលហេតុនោះទេ។ ដោយឃើញបែបនេះ ក្រុមគ្រួសារជនរងគ្រោះនិងប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាស្រែកឆោឡោឡើង ទើបមនុស្សមួយក្រុមនោះបាននាំគ្នាជិះរថយន្តចេញពីកន្លែងកើតហេតុ ចំណែកមនុស្សមិនត្រូវបានចាប់នោះទេ។

    តាមរយៈការបង្ហោះតាម facebook បានលើកឡើងថា រីឯមនុស្សមួយក្រុមនោះមិនបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនថាមកពីណានោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅកំពង់ដកោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ។

    ជនរងគ្រោះក្នុងហេតុការណ៍នេះមាន ឈ្មោះ មិន បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ស្រី មករា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

   សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទយ៉ាងដូច្នេះថា  ខ្ញុំទើបនឹងទទួលបានព័ត៌មាននេះ  ការណ៍ពិតគឺកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃបានចុះមកបង្ក្រាបបទល្មើសគ្រឿងញៀន ។ ប៉ុន្តែខ្ញុំមិនទាន់ទទួលបានព័ត៌មានច្បាស់អំពីមូលហេតុយ៉ាងណានោះនៅឡើយទេ។ ខ្ញុំបានឱ្យអធិការនគរបាលខណ្ឌច្បារអំពៅ ធ្វើកិច្ចការនេះ ដើម្បីសួរនាំឱ្យបានច្បាស់លាស់ ចង់ដឹងការណ៍ពិតក្នុងកម្រិតណា ចៀសវាងការយល់ច្រឡំពីមហាជន គាត់មានចម្ងល់ហើយបង្ហោះនូវព័ត៌មានមិនច្បាស់ការណ៍ណាមួយពាក់ព័ន្ធទៅជារឿងផ្សេងនាំឱ្យមានការភាន់ច្រឡំ។ 

លោកអភិបាលបានបន្តថា  នៅក្នុងមូលដ្ឋាន ទោះមានបញ្ហាអ្វីក៏ដោយ ខ្ញុំត្រូវតែតាមដានឱ្យបានច្បាស់លាស់ ជាប្រយោជន៍ផ្ដល់ព័ត៌មានពិតឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានយល់ពិតប្រាកដ ។

    សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានខ្លះបានលើកឡើងថា បញ្ហាដូចខាងលើនេះបានកើតឡើងជាញឹកញាប់ បង្កើតឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ខណៈការមកចាប់ខ្លួនឬមកធ្វើសកម្មភាពម្ដងៗ មិនបានសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ភាគច្រើនជាអំពើដែលប្រព្រឹត្តរបៀបគាបស៊ីលុយជនរងគ្រោះ ។ ដល់ប្រជាពលរដ្ឋគាត់ឡូឡា សមត្ថកិច្ចនិងអាជ្ញាធរភ្ញាក់ផ្អើលទើបពួកគេនាំគ្នាចាកចេញរៀងៗខ្លួន ហើយក៏មិនដឹងថាសមាសភាពរបស់ពួកនេះមកពីណាឬអង្គភាពណាពិតប្រាកដនោះឡើយ។ 

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមួយនឹងអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” លោកបានបញ្ជាក់ថា ខ្ញុំបានឱ្យលោកអធិការនគរបាលខណ្ឌ តាមដានក្នុងរឿងនេះតាំងពីព្រលប់រហូតដល់ភ្លឺ ដើម្បីស្រាវជ្រាវអំពីមូលហេតុដែលកើតឡើង ដូច្នេះអាចធ្វើការទំនាក់ទំនងទៅលោកអធិការ គាត់នឹងប្រាប់បញ្ជាក់អំពីរឿងនេះ។ 

    លោកអធិការនគរបាលខណ្ឌច្បារអំពៅ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា រឿងនេះពិតជាមានការកើតឡើងហើយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខ្ញុំក៏បានស៊ើបដឹងថា ជាក្រុមរបស់មន្ទីរប្រឆាំងគ្រឿងញៀន ពួកគេមកធ្វើសកម្មភាពម្ដងៗ ដោយមិនបានសហការជាមួយនឹងសមត្ថកិច្ចមូលដ្ឋាន ខណៈដែលការចុះមកនេះធ្វើឡើងដោយខុសនឹងនីតិវិធីជាមន្ត្រីអនុវត្តច្បាប់។ ដូច្នេះខ្ញុំបានរាយការណ៍ជូនថ្នាក់លើអស់ហើយ ជុំវិញបញ្ហាដែលកើតឡើងកាលពីម្សិលមិញ ពិតជាបានធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បា និងជាអំពើមិនគប្បី ប៉ះពាល់ដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានដ៏ធ្ងន់ធ្ងរ ខណៈអំពើនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ 

   ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនេះ  សូមខាងអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន មេត្តាស៊ើបអង្កេត ស្រាវជ្រាវ ចំពោះមន្ត្រីរបស់ខ្លួនដែលអនុវត្តខុសនីតិវិធី ព្រោះថាសកម្មភាពបែបនេះមិនមែនជាលើកទីមួយឡើយ។ ពិសេសខ្លាចទៅជាទម្លាប់ក្នុងការបន្លាច បន្លំ ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ដោយសម្អាងទៅលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ថាចុះមកបង្ក្រាបគ្រឿងញៀននេះជាដើម។ 

ជាទម្លាប់ប្រសិនបើយល់ឃើញថាមន្ត្រីរបស់ខ្លួនបានអនុវត្តខុសច្បាប់ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ជៀសវាងត្រឹមតែចេញលិខិតព្រមាន ឬដាក់ពិន័យ យករួចខ្លួនមួយគ្រាៗនោះ៕

ដោយ ៖ សហការី


ចែករំលែក៖