ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តមណ្ឌល គិរីបានឃាត់ខ្លួនស្ត្រីម្នាក់នៅថ្ងៃទី ២៣ មីនា ២០២៣នេះ ពីបទរំលោភសេចក្ដីទុកចិត្ត និងឆបោកប្រាក់អ្នកដទៃចំនួន៣.០០០ដុល្លារ។
សមត្ថកិច្ចបានឱ្យដឹងថា, ស្ត្រីជាជនសង្ស័យឈ្មោះ ធី ស៊ីណា អាយុ ៣៤ ឆ្នាំ មុខរបរបញ្ចូលហ្គាស់ រស់នៅក្នុងភូមិចំការតែ សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រងការចោទថា បានខ្ចីប្រាក់ពីស្ត្រីម្នាក់ឈ្មោះ ចិន ស្រីមុំ អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ចំនួន៣.០០០ដុល្លារ ហើយបានប្រើល្បិចគេចវេសក្នុងចេតនាទុច្ចរិតពុំព្រមសងប្រាក់ដល់ម្ចាស់បំណុល ។
សមត្ថកិច្ចបានលើកឡើងថា, យោងតាមពាក្យបណ្ដឹងមួយច្បាប់ឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែសីហាឆ្នាំ២០២២ ជនសង្ស័យឈ្មោះ ធី ស៊ីណា បានប្រើល្បិចហៅឈ្មោះ ចិន ស្រីមុំ ទៅផ្ទះរបស់ខ្លួនហើយបានលួងលោមខ្ចីប្រាក់ចំនួន៣០០០ដុល្លារ តែ៤-៥ ថ្ងៃប៉ុណ្ណោះ ដោយត្អូញត្អែរថា ម្ចាស់ ហ្គាស់មិនដាក់ហ្គាស់ឱ្យលក់ព្រោះគ្មានលុយសងគេ ។ ដោយក្ដីអាណិតជនរងគ្រោះក៏ហុចទូរស័ព្ទឱ្យជនសង្ស័យដកលុយពីគណនីរបស់ខ្លួនយកទៅប្រើប្រាស់ដោយពុំបានគិតពីការប្រាក់នោះទេ ។
តែដល់កាលកំណត់ជនសង្ស័យពុំបានបាញ់ប្រាក់ឱ្យជនរងគ្រោះដូចការសន្យាឡើយ ដោយសុំលើកពេលម្ដងហើយម្ដងទៀតបើទោះបីជនរងគ្រោះបានប្រាប់ពីតម្រូវ ការចាំបាច់យកលុយទៅបង់ថ្លៃសាលាកូនក្ដី។ ហើយអ្វីដែលអាក្រក់បំផុតនោះ ពេលដែល ជនរងគ្រោះផុសទារលុយតាម facebook បែរជាជនសង្ស័យតបថា ខ្លួនពុំបានខ្ចីទេ ។ ឥរិយាបថបែបនេះធ្វើឱ្យជនរងគ្រោះយល់ថា ជាចេតនាទុច្ចរិតក្នុងសំណុំរឿង រំលោភទំនុកចិត្តនិងឆបោក ហើយក៏បានសម្រេចចិត្តចុងក្រោយប្ដឹងទៅសមត្ថកិច្ចឲ្យចាត់វិធានការផ្លូវច្បាប់តែម្ដង។
បើតាមសមត្ថកិច្ចថា នឹងបញ្ជូនស្ត្រីជាជនសង្ស័យទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី នារសៀលថ្ងៃព្រហស្បតិ៍នេះហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សហការី