ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័នទី៧

ចែករំលែក៖

ខេត្តសៀមរាប ៖ នាថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងនាមក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័នទី៧។

លោកស្រី វេជ្ជបណ្ឌិតបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះបុគ្គលិកមន្ត្រីរាជការទូទាំងប្រទេស ដែលបានលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងតួនាទីជាមន្ត្រីសាធារណៈបំរើសុខភាពជូនប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំគណៈអភិបាលខេត្ត មន្ទីរ អង្គភាព អង្គការដៃគូ សប្បុរសជន និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានសហការល្អ ដើម្បីឈានទៅសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ នាពេលកន្លងមក។

លោកស្រី ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ម៉ឹងមាត់ និងឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួយឲ្យប្រជាពលរដ្ឋបានរស់នៅក្នុងសុខដុមរម្យនា ដោយអាចឆ្លងផុតនូវការរាតត្បាតនៃជំងឺកូវីដ-១៩ និងការឈានដល់ការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាជំហានៗតាមគន្លងប្រក្រតីថ្មីផងដែរ។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និបាតដ៏មានសារៈសំខាន់ និងស្នើសុំបុគ្គលិកមន្ត្រីរាជការ និងដៃគូពាក់ព័ន្ធ បន្ដចូលរួមគាំទ្រ និងអនុវត្ដរាល់ផែនការសកម្មភាពនានាក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ ក្នុងខេត្តក៏ដូចសង្គមជាតិទាំងមូល ។ 

សូមបញ្ជាក់ថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៦៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៥០% ៕

ដោយ ៖ សិលា


ចែករំលែក៖