ខេត្តរតនគិរី ៖ នៅរដូវប្រាំងប៉ុន្មានខែក្នុងឆ្នាំនេះស្រាប់តែមានក្រុមពួកឈ្មួញកំពុងឆក់ឱកាសក្តៅគគុកប្រើយុទ្ធសាស្ត្រថ្មីគឺកាប់ទន្ទ្រានបណ្ដើរដាំបណ្ដើរយកដីព្រៃរបស់រដ្ឋរាប់រយរាប់ពាន់ហិកតាធ្វើជាកម្មសិទ្ធនៅក្នងស្រុកកូនមុំដើម្បីឱ្យទាន់នយោបាយកាត់ឆ្វៀលដីធ្លីជូនប្រជាពលរដ្ឋដែលអាស្រ័យផលនោះតែមកដល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធហាក់នៅមិនទាន់មានវិធានការទប់ស្កាត់នៅឡើយ។
ដីព្រៃរបស់រដ្ឋរាប់រយហិកតាដែលពួកឈ្មួញបាននិងកំពុងកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់នោះមានទីតាំងស្ថិតនៅចន្លោះភូមិហាត់ប៉ក់ ឃុំភ្នំកុក ស្រុកវ៉ឺនសៃនិងចន្លោះភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
លោក ណាត នាយកសាខាកាកបាតក្រហមខេត្ដរតនគិរីដែលមានដីចំការនៅទីនោះដែរបានប្រាប់តាមទូរស័ព្ទថាលោកពិតមែនតែមានដីនៅតំបន់ខាងលើនោះគឺទំហំតែ៣០ ហិកតាប៉ុណ្ណោះកំពុងអាស្រ័យផល។
លោកបន្តថាបច្ចុប្បន្នដីនោះលោកបានដាំដំណាំស្វាយចន្ទី និងបានអាស្រ័យផល១០ឆ្នាំមកហើយ។
នារសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២៣នេះបន្តប្រាប់ថា ឯការកាប់ទន្ទ្រានកំពុងដុតថ្មីៗនោះលោកពុំដឹងទេព្រោះលោកពុំមានកាប់ថ្មីឡើយមានតែចំការចាស់ដាំចន្ទីរួចអស់ហើយ។
លោកបញ្ជាក់ថាបើអ្នកកាសែតធ្វើការចុះផ្សាយគួរតែផ្សាយដីនៅទីនោះទាំងអស់គ្នាផងព្រោះតំបន់នោះមានគ្នាជិត១០ម្ចាស់ឯណោះដែលបានចូលកាន់កាប់ដីរដ្ឋដាំដំណាំអាស្រ័យផល។
លោក ហេង សាវឿន អភិបាលស្រុកវ៉ឺនសៃបានប្រាប់ក្រុមអ្នកយកព័ត៌មានឱ្យដឹងថា ដីដែលឈ្មួញកំពុងកាន់កាប់នោះមិនស្ថិតនៅក្នុងរដ្ឋបាលស្រុកវ៉ឺនសៃឡើយផ្ទុយទៅវិញដីនោះគឺស្ថិតខាងស្រុកកូនមុំ។
លោក សេក ហៃ អភិបាលស្រុកកូនមុំវិញក្រុមអ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់ជុំវិញករណីពួកឈ្មួញជាច្រើនក្រុមដែលបានចូលទៅកាប់យកដីរដ្ឋនៅភូមិសាស្ត្រដូចខាងលើនោះបានទេ។
លោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា កន្លងមកធ្លាប់មានគេប្រាប់ថាដីរបស់រដ្ឋនៅតំបន់នោះមានគេកាប់ទន្ទ្រានក្នុងទ្រង់ទ្រាយធំដែរ។
លោកនាយខណ្ឌបញ្ជាក់បន្ថែមថា រឿងនោះលោកក៏បានរាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយដែរដើម្បីសុំកម្លាំងសហការចុះទៅត្រួតពិនិត្យប៉ុន្តែខេត្តថាចាំបង្កើតគណៈកម្មការចម្រុះជាមុនសិន ៕
ដោយ ៖ ជីវ័ន្ត