ប្រធានការិយាល័យសន្តិសុខជាតិនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Sung-han ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែមីនា បាននិយាយថា លោកប្រធានាធិបតី Yoon Suk-yeol ត្រូវបានគេរំពឹងថានឹងធ្វើជាប្រធានកិច្ចពិភាក្សាដំបូងជាមួយប្រធានបទ “វិបុលភាពនៃសាធារណរដ្ឋកូរ៉េ “ភាពរុងរឿងដើរទន្ទឹមគ្នាជាមួយនឹងកំណើនសេដ្ឋកិច្ច” នៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរដើម្បីលទ្ធិប្រជាធិបតេយ្យដែលនឹងបើកនៅថ្ងៃទី ២៩ ខែមីនា។
“កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ” នឹងត្រូវបានផ្តួចផ្តើមដោយសហរដ្ឋអាមេរិកនៅឆ្នាំ ២០២១ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយជាមួយនឹងគ្រោះថ្នាក់ដែលកំពុងប្រឈមមុខនឹងលទ្ធិប្រជាធិបតេយ្យ។ សន្និសីទលើកទីពីរនាពេលខាងមុខនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអុីនធើណេតក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៩ខែមីនា ដោយមានការចូលរួមពីសហអ្នករៀបចំនៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក កូស្តារីកា ហុល្លង់ និងហ្សំប៊ី។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣រដ្ឋបាលលោក បៃដិន បានពង្រីកការអញ្ជើញមេដឹកនាំពិភពលោកចំនួន១២០នាក់សម្រាប់ចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យនៅសប្តាហ៍ក្រោយ រួមទាំងតំណាងមកពីប្រទេសចំនួន០៨ ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលសេតវិមានកាលពីឆ្នាំ២០២១។
ការអញ្ជើញត្រូវបានពង្រីកទៅកាន់ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ហ្គាំប៊ី ហុងឌូរ៉ាស កូដឌីវ័រ លីចតេនស្ទីន ម៉ូរីតានី ម៉ូហ្សំប៊ិក និងតង់ហ្សានី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បន្ទាប់ពីត្រូវបានដកចេញពីបញ្ជីអញ្ជើញ សម្រាប់កិច្ចប្រជុំកាលពីឆ្នាំ២០២១។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គ្រោងនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍មុនកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារ (២៨ មីនា) ដែលផ្តោតលើបញ្ហាអ៊ុយក្រែនជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ។
ពិភពលោកបានឃើញការផ្លាស់ប្តូរយ៉ាងធំធេងចាប់តាំងពីកិច្ចប្រជុំកំពូលកាលពីខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងប្រទេសដែលងើបចេញពីជំងឺរាតត្បាតសកល និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាសង្រ្គាមដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលបានបំផ្លិចបំផ្លាញប្រទេសអឺរ៉ុបខាងកើត និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបអស្ថិរភាព។
បើយោងតាមមន្ត្រីសេតវិមានបានឱ្យដឹងថា ប្រធានាធិបតី ចូ បៃដិន នឹងព្យាយាមបង្ហាញថា ព្រឹត្តិការណ៍កាលពីឆ្នាំមុនបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋនិងឆន្ទៈរបស់រដ្ឋាភិបាលនៅតែមានប្រព័ន្ធដ៏ល្អបំផុតសម្រាប់ការលើកកម្ពស់វិបុលភាពនិងសន្តិភាព៕
ដោយ៖ ធីរីណា(រូបថត ៖ YONHAP News)