ខេត្តបន្ទាយមានជ័យ៖ ម៉ូតូឌុបឬម៉ូតូកង់បីឬហៅថាឡំប្រឺតាមិនអនុញ្ញាតឱ្យចូលចតចាប់ម៉ូយនិងរង់ចាំដឹកភ្ញៀវនៅច្រកទ្វារអន្តរជាតិនោះឡើយ។ នេះបើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលពួកគាត់បានរៀបចំសណ្ដាប់ធ្នាប់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣បានប្រាប់ក្រុមអ្នកសារព័ត៌មាន។
លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានមានប្រសាសន៍ថា៖ ចាប់ពីពេលនេះតទៅម៉ូតូឌុបនិងឡំប្រឺតាឬម៉ូតូកង់បីមិនអនុញ្ញាតអោយចូលចាប់ម៉ូយនៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៀតឡើយ ព្រោះធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ដល់ភ្ញៀវជាតិនិងអន្តរជាតិចេញចូល រួមទាំងធ្វើអោយបាត់បង់សោភណភាពនិងការពារជម្លោះកើតឡើងនៅក្នុងបរិវេណច្រកទ្វារប៉ះពាល់ដល់សន្តិសុខក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ម៉ូតូឌុបនិងឡំប្រឺតាត្រូវបានអោយនៅរង្វង់មូលក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយចែកជាក្រុមដោយអោយឡំប្រឺតានៅមួយកន្លែងនិងម៉ូតូឌុបនៅមួយកន្លែងមិនអោយនៅច្របូកបច្របល់គ្នាទៀតឡើយ ហើយអ្នកបើកបរម៉ូតូឌុបនិងឡំប្រឺតាត្រូវបានពាក់អាវកាក់ជាសម្គាល់ ហើយហាមដាច់ខាតមិនអនុញ្ញាតអោយចូលក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៀតឡើយ។
កន្លងមកដោយអនុញ្ញាតអោយម៉ូតូនិងឡំប្រឺតាចូលដឹកភ្ញៀវដល់បរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតព្រោះតែអគារកាស៊ីណូត្រូវបានភ្លើងឆេះបិទច្រកចេញចូលពីរង្វង់មូលមកច្រកទ្វារ ហើយបើកអោយចេញចូលតាមផ្លូវដើមពុទ្រា ទើបអនុញ្ញាតអោយចូលដឹកភ្ញៀវដល់បរិវេណច្រកទ្វារនិងបង្កបញ្ហារវាងក្រុមម៉ូតូឌុបនឹងឡំប្រឺតាឈ្លោះគ្នាធ្វើឱ្យប៉ះពាល់ពាក្យសម្តីគ្នាបង្កជាជម្លោះអសន្តិសុខសណ្តាប់ធ្នាប់ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលចេញ.ចូលតាមច្រកទ្វារបំណងទៅទស្សនាតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ដែលជាប្រទេសសំបូរដោយតំបន់ទេសចរណ៍។
ក្រោយរុះរើអគារកាស៊ីណូដែលអគ្គិភ័យឆាបឆេះរួចរាល់ត្រូវបានបើកអោយចេញ.ចូលពីរង្វង់មូលមកច្រកទ្វារអន្តរជាតិនិងរៀបចំសណ្តាប់ធ្នាប់បរិវេណច្រកទ្វារមិនអោយម៉ូតូឌុបរឺម៉ូតូកង់បីចូលរង់ចាំភ្ញៀវនោះឡើយ៕
ដោយ ៖ វណ្ណា