ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អំពីសកម្មភាពការងារជាច្រើន ដែលមូលនិធិ The Nippon Foundation បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមមានជាអាទិ៍៖ ការប្រយុទ្ធនឹងជំងឺហង់សិន, ការបោះពុម្ពសៀវភៅសិក្សាភាសាអង់គ្លេសម្រាប់កុមារកម្ពុជា និងការបង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ ឆ្នាំ ហើយមកទល់ពេលនេះ សាលានេះក្លាយជាសាលាដែលមានឈ្មោះល្បីល្បាញជាលក្ខណៈសាកល និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិក្ខាកាមមកសិក្សាអំពីការផលិតអវយវៈសិប្បនិម្មិតនៅកម្ពុជា។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំឭកអំពីតួនាទីដ៏មានសារៈសំខាន់របស់កងស្វ័យការពារជប៉ុន នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាអំពីកិច្ចសហប្រតិបត្តិការល្អក្នុងការបោសសម្អាតមីននៅកម្ពុជាក្នុងរយៈកាលកន្លងមកនេះ។ លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់មូលនិធិ The Nippon Foundation ក្នុងការជួយដល់ប្រជាជនកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ និងគម្រោងនានាជាច្រើននៅក្នុងវិស័យអប់រំ និងសុខាភិបាល ដែលនេះគឺជាការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជា នឹងចងចាំទុកនូវចំណងមិត្តភាពដ៏ល្អ និងការជួយគ្នាទៅវិញទៅមកនេះ៕
ដោយ ៖ សិលា