ខេត្តព្រៃវែង ៖ ក្នុងតួនាទីភារកិច្ចជាកងកម្លាំងប្រដាប់អាវុធ និងក៏ជាអាជ្ញាធរដែនដីរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពរបស់ប្រជាជន ជាពិសេសក្រោមការលើកទឹកចិត្តពីថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានជំរុញឲ្យនគរបាលនៅតាមតំបន់មូលដ្ឋាននីមួយៗខិតខំប្រឹងប្រែង ប្រើអស់កម្លាំងកាយចិត្ត ដើម្បីបន្តសម្រេចឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។តួយ៉ាង នៅថ្ងៃសៅរ៍ ទី ២៥ ខែ មីនា ឆ្នាំ ២០២៣ នេះ នគរបាលនៅឃុំប្រាសាទ ស្រុកកំពង់ត្របែក និងឃុំល្វា ស្រុកព្រះស្តេច នៃខេត្តព្រៃវែង បានរួមគ្នាសម្រួលចរាចរណ៍ ដើម្បីឲ្យសិស្សានុសិស្ស ដែលជាកូនៗរបស់ប្រជាពលរដ្ឋ ចាកចេញពីសាលាទៅកាន់ផ្ទះប្រកបដោយសុខសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា , បងប្អូនប្រជាពលរដ្ឋ ទៅតែមានទំនុកចិត្ត គោរពស្រឡាញ់ចំពោះ អាជ្ញាធរ សមត្ថកិច្ចគ្រប់ស្ថាប័ន ។ ដូច្នេះអ្វីដែលមន្ត្រីនគរបាល បាននឹងកំពុងអនុវត្តតាមតួនាទីភារកិច្ច ការពារ សន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បង្ក្រាបបទល្មើសតូចធំក្នុងមូលដ្ឋាន ជាការងារដ៏ចម្បង ដែលសមត្ថកិច្ចត្រូវបានបំពេញបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលទើបនឹងទៅកាន់តំណែងថ្មីៗនេះ លោកមានការទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងកងកម្លាំងរបស់ខ្លួន នៅតាមបណ្ដាមូលដ្ឋានប៉ុស្តិ៍ ស្រុកក្រុង ក្នុងខេត្តព្រៃវែងទាំងមូល ឱ្យប្រកាន់ភ្ជាប់មនុស្សក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីអនុវត្តច្បាប់ ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សហការទទួលព័ត៌មានពីប្រជាពលរដ្ឋ ដើម្បីបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ទោស្នងការ មានបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ មានភាពទទួលខុសត្រូវ អនុវត្តតាមការណែនាំរបស់ថ្នាក់លើ ពិសេសអនុវត្តតាមបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ៕
ដោយ ៖ សិលា