ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបើកបញ្ច្រាសបុករងរបួសធ្ងន់ម្នាក់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជាកម្មកររោងចក្រម្នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ននៅលើផ្លូវបំបែកជាបួន ក៏បុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លើផ្លូវបំបែកលេខ១១៤ ស្ថិតក្នុងភូមិរោងបន្លែ  សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះគង់ ចន្តា  អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងបើកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-៥៤៣១ខូចខាតទាំងស្រុង។

    ចំណែកអ្នកបើករថយន្តម៉ាកឡិចសុីស RX៣០០ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ ២L.១២៩០ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយបង្កហេតុបានបើកទ្វាររថយន្តរត់គេចពីកន្លែងកើតហេតុភ្លាមៗ។

    តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកឡិចសុីស RX៣០០ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ ២L.១២៩០ ដោយធ្វើដំណើរពីកើតទៅលិចលើផ្លូវបំបែកលេខ ៤ ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I.៥៤៣១ក្នុងទិសដៅបញ្ច្រាសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងលាន់ឮសូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ទាំងយប់។

    ក្រោយមកអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖