ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ១២០គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,០៩៨គ្រឿង ម៉ូតូ ៧៩៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៨៩គ្រឿង មានម៉ូតូចំនួន ១២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ១៣នាក់ និងស្រាល ២នាក់ ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២៥ ខែមីនា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មានកត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ២លើក និងមិនប្រកាន់ស្តាំ ១លើក៕
ដោយ៖ សហការី(រូបភាព៖ ឯកសារ)