មេដឹកនាំអ៊ុយក្រែនបានសារភាពថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះមិនអាចបើកការវាយប្រហារតបតវិញបានទេ ដោយសារតែខ្វះអាវុធ និងគ្រាប់រំសេវ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti កាលពីថ្ងៃទី២៥ ខែមីនា បានដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Yomiuri ថា “យើងមិនអាចចាប់ផ្តើមនៅឡើយទេ យើងមិនអាចដាក់ពង្រាយទាហានក្លាហានរបស់យើងបានទេ។ ខ្ញុំបានទៅសមរភូមិមុខដោយគ្មានរថក្រោះ កាំភ្លើងធំ និង HIMARS”។
លោកប្រធានាធិបតី Zelensky ក៏បានកត់សម្គាល់ផងដែរថា អ៊ុយក្រែនកំពុងរង់ចាំអាវុធពីដៃគូរបស់ខ្លួន ហើយបាននិយាយថា ស្ថានភាពនៅភាគខាងកើតនៃប្រទេសនេះគឺ “មិនអំណោយផល”។
ផ្តល់យោបល់លើការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន លោក Zelensky បានសង្កត់ធ្ងន់ថា ប្រសិនបើមានឆន្ទៈនយោបាយ នឹងមានមធ្យោបាយជួយ ប៉ុន្តែទីក្រុង Kiev ស្ថិតក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ ហើយមិនអាចរង់ចាំបានទេ។
នៅថ្ងៃដដែលនេះ យោងតាមទីភ្នាក់ងារសារព័ត៌មាន Retuers កងកម្លាំងរុស្ស៊ីបានវាយប្រហារលើតំបន់ខាងជើងនិងខាងត្បូងនៃតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលក្រុងគៀវបាននិយាយថា ការវាយលុករបស់ទីក្រុងមូស្គូនៅជិតទីក្រុង Bakhmut នៅតែបន្ត។
របាយការណ៍យោធាអ៊ុយក្រែនពិពណ៌នាអំពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនៅតាមផ្លូវពី Lyman ទៅ Kupiansk ក៏ដូចជាភាគខាងត្បូងបន្ថែមទៀតនៅ Avdiivka នៅជាយក្រុង Donetsk ដែលគ្រប់គ្រងដោយរុស្ស៊ី។
តំបន់ទាំងពីរនេះគឺជាគោលដៅចម្បងរបស់កងកម្លាំងរុស្ស៊ីក្នុងអំឡុងយុទ្ធនាការរដូវរងារបស់ទីក្រុងមូស្គូនៅក្នុងតំបន់ Donbas ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA