ខេត្តស្វាយរៀង ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សឃុំសម្បត្តិមានជ័យ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៩២នាក់ ដោយមានយុវជន៨៣នាក់ស្រី៤០នាក់ ក្នុងនោះមានអតីតគណបក្សភ្លើងទៀន ចំនួន៥រូបស្រីម្នាក់ ក្រោមអធិបតីភាព លោក សូ សារិន អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ឃុំសម្បត្តិមានជ័យ លោកស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក ប្រធានអនុគណបក្សឃុំ អស់លោកលោកស្រីសមាជិកសមាជិការបក្ស សរុប១៤៨នាក់ផងដែរ។
លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក៏ដូចជាលោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់សមាជិកបក្សទាំង ៩២រូប ដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាឃុំសម្បត្តិមានជ័យផងដែរ។
បន្ថែមពីនេះ លោក ប្រធានគណបក្សប្រជាជនស្រុករមាសហែក ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះដោយ បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញតាមផែនការកំណត់ ដើម្បីធានាបានភាពស៉ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។
ថ្លែងក្នុងឱកាស លោក សូ សារិន អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ឃុំសម្បត្តិមានជ័យ តំណាងលោក សៀ សម្បត្តិ ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ឃុំសម្បត្តិមានជ័យ បានធ្វើការផ្ដាំផ្ញើសាកសួរនឹងនឹករលឹកពីសំណាក់លោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់អស់លោកលោកស្រីទើបនឹងចូលរួម ជីវភាព ជាមួយនឹងគណបក្សប្រជាជនកម្ពុជាឃុំសម្បត្តិមានជ័យទាំង៩១រូប ផងដែរ។
លោក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ កុំជឿតាមពាក្យបោកប្រាស់ របស់គណបក្សប្រឆាំងឲ្យសោះ ហើយការសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចផ្តល់សន្តិភាព និងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេសជាតិ ពីពេលនេះនិងទៅថ្ងៃអនាគត ពិសេស សូមបងប្អូន កុំភ្លេចទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខ ឱ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕
ដោយ៖ សុថាន