ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាសរួមទាំងមន្រ្តីរាជការសមត្ថកិច្ចពាក់ព័ន្ធសម្ដែងការហួសចិត្តខណៈលោកឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាសបានអនុញ្ញាតឱ្យអ្នកមានលុយម្នាក់សង់សំណង់រឹងមាំលើផ្លូវកៅស៊ូលេខ១២៩ស្ថិតនៅចំណុចភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ពលរដ្ឋបានបន្តទៀតថា លោកឌឹម គឹមសាន្ត ចូលមក កាន់តំណែងជាអភិបាលស្រុកព្រៃកប្បាសភ្លាមមានរឿងជាហូហែមិនចប់មិនចេះហើយ ទុកអោយប្រជាពលរដ្ឋតាមដានជារៀងរហូតដូចជាកាយប្រឡាយយកអាចម៍ដីលក់នៅឃុំបានកាម លុបព្រែកទទឹង២៥ម៉ែត្រដាក់លូប៉ិនបាតដៃ។ ឥលូវដល់ពេលឲ្យអ្នកមានលុយសង់សំណង់រឹងមាំលើផ្លូវលេខ១២៩បូកទាំងដីចំណីស្ទឹងទៀត។
ជុំវិញករណីនេះដែរលោកសៅ សំរុង មេឃុំកំពង់រាបបានអោយដឹងថា រាជរដ្ឋាភិបាលកំពុងតែមានការពង្រីកផ្លូវគ្រប់កន្លែងហើយម្ចាស់សំណង់ខាងលើបានមកសុំលោកដោយផ្ទាល់មាត់ថា សង់សំណង់ធ្វើទឹកស្អាតលក់អោយពលរដ្ឋ។ តែលោកមិនអនុញ្ញាតអោយទេ ព្រោះដីដែរម្ចាស់សំណង់ស្នើរសុំជាដីចំណីផ្លូវផងនិងជាចំណីស្ទឹងផង។
លោកមេឃុំបន្តទៀតថា ក្រោយមកលោកក៏បានឃើញមន្រ្តីស្រុកចុះមកហាមឃាត់តែក្រោយមកទៀតម្ចាស់សំណង់ធ្វើបន្តទៀតដោយថាគាត់បានជួបខាងថ្នាក់ស្រុករួចហើយតែបច្ចុប្បន្ននេះលោកមិនបានទទួលឯកសារផ្លូវច្បាប់ណាមួយធ្លាក់មកដល់រដ្ឋបាលឃុំកំពង់រាបនៅឡើយ។
ពាក់ព័ន្ធនិងករណីនេះ លោកឌឹម គឹមសាន្ត អភិបាល ស្រុកព្រៃកប្បាសមិនឆ្លើយនិងសំណួររបស់អ្នកសារព័ត៌មានយើងទេក្រោយអ្នកសារព័ត៌មានយើងសួរនាំអំពីករណីខាងលើ។
ដោយឡែកមន្រ្តីនៃមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តតាកែវសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាសំណង់ខាងលើជាសំណង់ខុច្បាប់តែដោយមានការបើកដៃយ៉ាងគឃ្លើនរបស់អាជ្ញាធរស្រុកទើបសំណង់នេះសង់បានដោយរលូន។ មន្ត្រីដដែលបញ្ជាក់ទៀតថា ដីចំណីផ្លូវលេខ១២៩សងខាងចំនួន២០ម៉ែត្រ ដីចំណីស្ទឹង ២៥ម៉ែត្រដូច្នេះសំណង់អ្នកមានលុយខាងលើគឺខុស ច្បាប់ស្រលះ។
ជុំវិញរឿងរ៉ាវសំណង់របស់អ្នកមានលុយនេះមហាជនប្រជាពលរដ្ឋសំណូមពរដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវមេត្តាបញ្ជូនក្រុមមន្រ្តីជំនាញពាក់ព័ន្ធចុះមកសិក្សាផងព្រោះពលរដ្ឋអស់ជំនឿលើលោកឌឹម គឹមសាន្តចៅហ្វាយស្រុកព្រៃកប្បាសនេះទៀតហើយ ៕
ដោយ៖ សូរិយា