ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃមហាសន្និបាតលើកទី៦ នៃក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅកម្ពុជា (CPFC)

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលទ្ធផលនៃមហាសន្និបាតលើកទី៦ នៃក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅកម្ពុជា (CPFC)។ 

ដោយបញ្ជាក់ថា, នៅថៃ្ងព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅកម្ពុជា (CPFC) បានរៀបចំមហាសន្និបាតលើកទី៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពរបស លោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល ជាតិអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការចូលរួមរបស់លោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលទើបតែងតាំងថ្មី និងលោក Laurent SERMET នាយក AUF_ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មហាសន្និបាតនេះក៏មានការចូលរួមផងដែរ របស់តួអង្គហ្វ្រង់កូហ្វូនទាំងអស់នៅប្រទេសកម្ពុជា ដែលជាស្ថាប័នសមាជិក CPFC ស្ថានទូតន ប្រទេសហ្វ្រង់កូហ្វូន គ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល មជ្ឈដ្ឋានធុរកិច្ច និងសារព័ត៌មាន។

នាក្នុងឱកាសនោះ ក្រុមប្រឹក្សា CPFC បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រសិទ្ធពរជ័យជូន ចំពោះលោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហាណូយ និងបានកត់សម្គាល់នូវសកម្មភាពដែលលោកមានបំណងអនុវត្តនៅក្នុងអំឡុងពេលនៃអាណត្តិរបស់ លោក ដែលផ្ដោតសំខាន់ទៅលើការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សមភាពយេនឌ័រ និងការពង្រឹងសន្តិភាព។ លោក DOERIG ក៏មាន បំណងបង្កើនសមត្ថភាពរបស់សង្គមស៊ីវិលផងដែរ។

ក្រុមប្រឹក្សា CPFC បានកត់សម្គាល់ផងដែរនូវសុន្ទរកថារបស់លោក Laurent. SERMET នាយក AUFប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅលើវឌ្ឍនភាពនៃគ្រឹះស្ថានឧត្តមសិក្សាជាសមាជិករបស់ ទីភ្នាក់ងារ AUF នៅកម្ពុជា ការបង្កើតមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូននៅបាត់ដំបង ការផ្ដល់ការ គាំទ្រដល់សាកលវិទ្យាល័យ ដោយសង្កត់ធ្ងន់លើកិច្ចខំប្រឹងប្រែងរបស់ទីភ្នាក់ងារ AUF ទាក់ទងនឹង ការងាររបស់យុវជនកម្ពុជា។

ក្រុមប្រឹក្សា CPFC បានគូសបញ្ជាក់ពីសារៈសំខាន់នៃបទបង្ហាញរបស់ឯកឧត្តមរដ្ឋលេខាធិការ ឈីវ យីស៊ាង អំពីគោលនយោយហ្វ្រង់កូហ្វូនីរបស់កម្ពុជានៅអាស៊ី-ប៉ាស៊ីហ្វិក ដែលបានក្លាយជាតំបន់អាទិភាពនៃពិភពលោក នៅក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងលំហូរ ហិរញ្ញវត្ថុ ព្រមទាំងអំពីជំហររបស់កម្ពុជាចំពោះសំណុំរឿងសំខាន់ៗបច្ចុប្បន្ននៃពិភពលោក និង សកម្មភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ លោករដ្ឋលេខាធិការ បានផ្តោតសំខាន់ទៅលើ សន្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោក។

អ្នកចូលរួមទាំងអស់ បានកត់សម្គាល់យ៉ាងពេញចិត្តនូវភាពសម្បូរបែប និងភាពចម្រុះនៃ សកម្មភាពនានាដែលតួអង្គហ្វ្រង់កូហ្វូននៅកម្ពុជាបានអនុវត្ត ចាប់តាំងពីមហាសន្និបាតចុងក្រោយ ក្នុងខែសីហា ឆ្នាំ២០២២។ ស្ថានទូតបារាំង ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត សិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្ហាញពីសកម្មភាពរបស់ខ្លួននៅក្នុងវិស័យអប់រំ ស្ថានទូត បានបង្ហាញពីសកម្មភាព ហ្វ្រង់កូហ្វូនដែលបានអនុវត្តនៅប្រទេសថៃ។ តំណាងមកពីរដ្ឋសភាជាតិ និងព្រឹទ្ធសភា បានធ្វើបទ បង្ហាញអំពីកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី។ សង្គមស៊ីវិលបានបង្ហាញពីកម្មវិធីរបស់ខ្លួន តាមរយៈសំឡេងរបស់សមាគម។ សាលារាជធានីភ្នំពេញ និងសាលាខេត្តព្រះសីហនុ បានលើក ឡើងពីបញ្ហាប្រឈមរបស់ខ្លួនពាក់ព័ន្ធនឹងហ្វ្រង់កូហ្វូនី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ជាចុង បញ្ចប់ មជ្ឈមណ្ឌល NPMEC បានបង្ហាញពីសកម្មភាពរបស់ខ្លួន ដើម្បីបម្រើដល់បេសកកម្មរក្សា សន្តិភាព និងការដោះមីន និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ដោយប្រទេសបារាំង។

លើសពីនេះទៀត ក្រុមប្រឹក្សា CPFC បានសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៨ នៅកោះ Djerba ដែលក្នុងនោះ មានការអនុម័តអត្ថបទសំខាន់ៗចំនួន ៥ ជាពិសេស សេចក្ដីថ្លែងការណ៍ Djerba ការបោះឆ្នោតជ្រើសរើសលោកជំទាវ Louise Mushikiwabo ជា អគ្គលេខាធិការសម្រាប់អាណត្តិទី២ និងការជ្រើសរើសប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ កិច្ចប្រជុំកំពូលលើកទី១៩ នៅឆ្នាំ២០២៤។ បញ្ហាទាក់ទងនឹងបច្ចេកវិទ្យាឌីជីថលដែលជាកត្តាជំរុញ ការអភិវឌ្ឍ និងសាមគ្គីភាព និងបញ្ហាទាក់ទងនឹងតួនាទីរបស់ស្ត្រី និងយុវជន និងការបាត់បង់ទំនុក ចិត្តរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកយកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ទាក់ទងនឹងការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៣ កិច្ចប្រជុំ RESIFAP លើកទី៧ កាលពីខែកញ្ញា ឆ្នាំ២០២២ បានឯកភាពរៀបចំវេទិកាយុវជនហ្វ្រង់កូហ្វូននៅអាស៊ី-ប៉ាស៊ីហ្វិក នៅ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ឌីជីថល ការងារ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ភាសាបារាំង ជាកត្តាជំរុញសម្រាប់យុវជននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។ ដូច្នេះ ឆ្នាំ២០២៣ ឆ្នាំនៃការរៀបចំ ហើយ វេទិកាយុវជននេះ នឹងក្លាយជាសកម្មភាពដ៏សំខាន់មួយនៃផែនការការងារពេញមួយឆ្នាំ ២០២៣

សកម្មភាពជាច្រើនត្រូវបានគ្រោងទុកដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ ដូចជា សកម្មភាពលើកកម្ពស់ការយល់ដឹង បង្កើតបណ្តាញ និងកិច្ចសហការ។

ក្រុមប្រឹក្សា CPFC បានពិចារណាដោយយកចិត្តទុកដាក់ ចំពោះសំណើរបស់ប្រធាន ក្រុមប្រឹក្សា ទាក់ទងនឹងការធ្វើវិសោធនកម្មជាយថាហេតុនូវលក្ខន្តិកៈ CPFC ជាពិសេសទាក់ទងនឹង ប្រការស្តីពីអាណត្តិរបស់ប្រធាន។ ក្រុមប្រឹក្សា បានសម្រេចថានឹងពិភាក្សាស៊ីជម្រៅអំពីករណីនេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។ ក្រុមប្រឹក្សា CPFC ក៏បានសាទរផងដែរចំពោះការបន្ថែមសមាជិក ថ្មីចំនួន៤ ដូចជា ក្រុមហ៊ុន Auskhmer សមាគមយុវជន សាលាខេត្តព្រះសីហនុ និងក្រុមហ៊ុន Business Center Cambodia”

តាមរយៈក្រុមប្រឹក្សា CPFC បង្ហាញឲ្យឃើញថា ហ្វ្រង់កូហ្វូនីនៅកម្ពុជាមានភាពរស់រវើក និងផ្ដោតសំខាន់ទៅលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ឆ្នាំ២០២៣ គឺជាឆ្នាំនៃការបង្កើតទំនាក់ទំនងថ្មីៗ និងការធ្វើសកម្មភាពរួមនៅក្នុងតំបន់របស់យើង ក្រោមឆ័ត្ររបស់អង្គការ OIF។

នៅពេលចប់មហាសន្និបាតលើកទី៦ ពិធីជប់លៀងត្រូវបានរៀបចំឡើង នៅភោជនីយដ្ឋាន Villa 5 Contemporary Cuisine ដើម្បីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣ ជុំវិញ ប្រធានបទ “321 millions de francophones, des milliards de contenus culturels” ៕

ដោយ ៖ សិលា


ចែករំលែក៖