ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនជ្រុលចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវផ្លោងទៅបោកក្បាលនៅបង្គោលភ្លើងស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណៈបើកម៉ូតូយ៉ាងលឿនរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវហើយផ្លោងទៅបោកក្បាលនៅបង្គោលភ្លើង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សៅ សុខន អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KA-0670 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលម៉ូតូ ចំណែកអ្នកបើកបរ បានផ្លោងទៅបោកក្បាលនឹងបង្គោលភ្លើង ស្លាប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមនោះដែរប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកលៀបបានចុះមកដល់ រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ហើយធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖