ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រកាន់ស្តាំបុករថយន្តបណ្ដាលឱ្យស្លាប់នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំ បណ្ដាលឱ្យបុកជាមួយរថយន្តមួយគ្រឿងបើកនៅខាងមុខពេញមួយទំហឹង ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចន្លោះគីឡូមែត្រ(៤១.៤២) ស្ថិតក្នុងភូមិព្រៃបាំង ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល 

    មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាន សារឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងច្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង  បើកបរម៉ូតូម៉ាកHONDA C125ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1W0305 ។ចំណែកភាគីខាងរថយន្តម៉ាក ហ្វត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AL7145 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

      ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បើកម៉ូតូក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើបានវ៉ាជែងមិនប្រកាន់ស្ដាំ ជ្រុលទៅបុករថយន្ត០១គ្រឿងម៉ាកហ្វត ពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ 

     តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ វ៉ាជែងក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន ។ ចំពោះករណី ខាងលើផ្នែកសណ្ដាប់ធ្នាប់បានចុះវាស់វែងនិងដកហូតរថយន្តនិងម៉ូតូទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖