ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ៣នាក់ និង១១នាក់របួសធ្ងន់ស្រាល​ ខណៈ​យានយន្តល្មើសចំនួន ១៩១គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេសនាថ្ងៃទី២៨​ ខែមីនា​ម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ៦នាក់។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា​ ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មានកត្តាល្បឿន ៦លើក មិនគោរពសិទ្ធិ ៣លើក និងកត្តាយាន ១លើក។ 

ជាមួយគ្នានោះ​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ១១១គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៩៧គ្រឿង ម៉ូតូ ១៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៩១គ្រឿង មានម៉ូតូចំនួន ១៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖