ភ្នំពេញ ៖ អំបិលកំពត-កែប នឹងក្លាយជាផលិតផល GI នាខែក្រោយ ដែលជាមោទនភាពរបស់ជាតិ ហើយធ្វើប្រជាពលរដ្ឋ ទទួលបានការធានានូវតម្លៃ គុណភាព និងមានទីផ្សារ ។
សូមបញ្ជាក់ថា : កម្ពុជាគ្រោងនឹងប្រកាសអំបិល «កំពត កែប» ចំនួន ៣ ប្រភេទ ជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅចុងខែមេសាខាងមុខ ខណៈដំណើរការនៃការបង្កើតសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប កំពុងបោះជំហានទៅមុខយ៉ាងល្អ។ នេះបើយោងតាម លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែកែ បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន។
សូមជម្រាបជូនថា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំណត់យកអំបិល «កំពត កែប» ៣ ប្រភេទជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដោយគ្រោងប្រកាសជាផ្លូវកានៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។ ក្នុងនោះដោយបញ្ជាក់ថា, អំបិលទាំង ៣ ប្រភេទ រួមមាន:
-អំបិលក្រួស
-ផ្កាអំបិល
-និងអំបិលម៉ដ្ឋ (កិន)។
ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប លោក ប៊ុន ណារិន បានប្រើប្រាប់ អ្នកសារព័ត៌មាននៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញថា , បច្ចុប្បន្ននេះក្រុមការងារលោកកំពុងរៀបចំបំពេញទម្រង់ស្នើសុំបង្កើតសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប ទៅក្រសួងមហាផ្ទៃ ដោយរំពឹងនឹងទទួលបានការយល់ព្រមពេលឆាប់ៗ ដើម្បីឈានទៅចូលរួមក្នុងពិធីប្រកាសដាក់អំបិលផលិតក្នុងខេត្តកំពត-កែប ទៅជាប្រភេទទំនិញសម្គាល់ភូមិសាស្ត្រ GI នៅចុងខែមេសា ដែលក្រសួងពាណិជ្ជកម្មបានកំណត់។
ខេត្តកំពត និងខេត្តកែប គឺជាទីតាំងផលិតអំបិលនៅកម្ពុជា ដោយក្នុងឆ្នាំ ២០២២ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ មាន៤ ៧៤៨ ហិកតា។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ប្រធានសមាគមរូបនេះបាននិយាយថា៖ «វត្តមានរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប និងការដាក់អំបិល «កំពត កែប» ជាប្រភេទទំនិញ GI នឹងផ្តល់ផលវិជ្ជមានច្រើន គឺមិនត្រឹមតែសម្រាប់កសិករ និងមានទីផ្សារធំនាំទៅទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយឱ្យផលិតផល GI ដែលមានក្នុងខេត្តកំពត-កែប ដូចជា ម្រេច ជាដើមនឹងមានទីផ្សារកាន់តែធំបន្ថែមទៀត»។
លោកបន្តថា នៅពេលបានចុះបញ្ជី GI ជាផ្លូវការ វានឹងជួយឱ្យផលិតផលអំបិលខេត្តកំពត-កែប មានទីផ្សារនៅក្នុងស្រុក និងអន្តរជាតិកាន់តែធំ ហើយតម្លៃក៏អាចខ្ពស់ជាងពេលនេះពី ២-៣ ដងដែរ។
បើតាមលោក ណារិន ពេលនេះអំបិលកំពត-កែប មានតម្លៃពី ១៥ ០០០-១៨ ០០០ រៀលក្នុង ១ បាវទម្ងន់ ៥០គី ឡូក្រាម។ តម្លៃនេះគឺប្រហាក់ប្រហែលនឹងឆ្នាំមុន។
លោកបន្ថែមថា ទោះពេលនេះអំបិលកំពត-កែប មិនទាន់បានចុះបញ្ជីជាផលិតផល GI ប៉ុន្តែក៏មានផលិតផលអំបិលមួយចំនួនត្រូវបាននាំចេញទៅប្រទេសមួយចំនួនហើយដូចជា ជប៉ុន ស្វ៊ីស អង់គ្លេស កាណាដា ឆែក ដោយភ្ជាប់ជាមួយម្រេចកំពតដែលជាផលិតផល GI។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ បាននិយាយថា ដោយសារបណ្តាប្រទេសនៅអឺរ៉ុបចូលចិត្តប្រើអំបិលម្រេច ដាក់អាហារ ដូច្នេះនៅពេលផលិតផលទាំង ២ ត្រូវបានបញ្ចូលជាប្រភេទផលិតផល GI ការនាំចេញអាចមានសម្ទុះកាន់តែខ្លាំង។ ការដាក់ជាផលិតផល GI នឹងជួយឱ្យទីផ្សារ និងតម្លៃល្អប្រសើរជាងមុន។ ជាក់ស្តែងម្រេចកំពត ដែលជាផលិតផល GI គឺមិនពិបាកក្នុងការស្វែងរកទីផ្សារឡើយ ហើយតម្លៃក៏ខ្ពស់ជាងផលិតផលមិនមែន GI ដែរ។
លោកប្រាប់ថា៖ «ដោយសារម្រេច និងអំបិល ភាគច្រើនត្រូវប្រើប្រាស់រួមគ្នា ដូច្នេះបើអំបិលកំពត-កែប បាន GI ដែរនោះ ការនាំចេញម្រេច និងអំបិលដែលជាផលិតផល GI ប្រាកដជាកើនឡើង»។
ធម្មតារដូវកាលផលិតអំបិល គឺចាប់ពីចុងខែធ្នូ ទៅដល់ពាក់កណ្តាលខែឧសភានៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅបានអូសបន្លាយការផលិតរហូតដល់ខែមិថុនា។ បើអាកាសធាតុអំណោយផលផ្ទៃដី ១ ហិកតា គេអាចផលិតអំបិលបានជាមធ្យម ២០ តោនក្នុងរយៈពេល ១ ឆ្នាំ។
ក្រោយពីទទួលបានដំណឹងនេះពីរ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ បានលើកឡើងបញ្ជាក់ពីខាងលើប្រាប់ដល់អ្នកសារព័ត៌មាន ធ្វើឱ្យប្រជាពលរដ្ឋខេត្តកំពត ខេត្តកែប មានការសប្បាយចិត្ត ខិតខំពង្រីកមុខរបរនេះឲ្យកាន់តែច្រើន ដើម្បីចំណូលប្រចាំថ្ងៃ និងផ្កាពង្រីកមុខរបរ បន្ទាប់ពីអំបិលមានទីផ្សារយ៉ាងខ្លាំង ហើយប្រភេទធម្មជាតិដ៏ល្អបំផុតនៅប្រទេសកម្ពុជា ៕
ដោយ ៖ សហការី