ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាក្នុងសេដ្ឋកិច្ចទីផ្សារដូចកម្ពុជារដ្ឋមិនលូកដៃចូលដល់ការកំណត់តម្លៃទីផ្សារនោះទេ ដោយថាការកំណត់របៀបនេះគឺមានតែក្នុងរបបកម្មុយនីស្តហើយជាកម្មុយនីស្តដែលហួសសម័យថែមទៀត។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការរិះគន់មួយចំនួនដែលថារដ្ឋាភិបាលមិនបានកំណត់តម្លៃលើទីផ្សារដោយថាការធ្វើរបៀបនេះគឺមានតែប្រទេសកម្មុយនីស្តប៉ុណ្ណោះ។
សម្ដេចថា៖ «អញ្ចឹងបានថាអ្នកខ្លះជេរគណបក្សប្រជាជនថាជាគណបក្សកម្មុយនីស្តតែខ្លួនឯងធ្វើសេដ្ឋកិច្ចកុម្មុយនីស្ត»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថាសូម្បីតែប្រទេសចិន និងវៀតណាមដែលជាប្រទេសកម្មុយនីស្តក៏គេលែងអនុវត្តសេដ្ឋកិច្ចដែលកំណត់តម្លៃទីផ្សារទៀតហើយផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជននិយមការរិះគន់រាជរដ្ឋាភិបាលមួយចំនួន នៅក្រៅប្រទេស ពីការយល់ខុស និងស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «សុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបានគិតគូរជាប់ជានិច្ច»។
សម្តេចតេជោ ហ៊ុន សែន បានចំអកទៅកាន់ក្រុមប្រឆាំងថា ចោទសម្តេចថា ក្រាញអំណាច ប៉ុន្តែ ពួកគេវិញបែរជាខិតខំស្វែងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីដណ្តើមអំណាចទៅវិញ ហើយអ្នកខ្លះដេកយល់សប្តិចង់ក្លាយជានាយករដ្ឋមន្ត្រី ហើយខ្លះទៀត តាំងខ្លួនជានាយករដ្ឋមន្រ្តីតាមហ្វេសប៊ុកទៅទៀត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឥឡូវនេះសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះសម្ដេចផ្ដាំដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិត កំពុងចាញ់បោកការឃោសនារបស់បុគ្គលមួយចំនួន ដែលអះអាងថា រដ្ឋមិនគិតលើថ្លៃទឹក ភ្លើងឱ្យសោះ ពីព្រោះសេដ្ឋកិច្ចទីផ្សារ គឺជាការប្រកួតប្រជែងនៅក្នុងទីផ្សារ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវគ្រប់ស្ថាប័នទាំងអស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ សូមកុំឱ្យប្រពន្ធ-កូន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ដែលជាកិច្ចការមួយត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីប្រសិទ្ធភាពការងារ និងបញ្ចៀសការរិះគន់… «កុំឱ្យប្តីស័ក្តិ៣, ប្រពន្ធស័ក្តិ៤ ,កូនស័ក្តិ៥»៕
ដោយ ៖ សិលា