ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវេអងដឹកអាចម៍គោដល់ផ្លូវចុះចំណោតបត់កោងស្រាប់តែក្រឡាប់ស្លាប់មនុស្សពីរនាក់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បើកបររថយន្តដឹកអាចម៍គោពេលបើកមកដល់ផ្លូវចំណោតហើយកោងបានក្រឡាប់បណ្តាលឱ្យអ្នកបើកនិងស្ត្រីអ្នករួមដំណើរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឱ្យអាណោចអាធ័មបំផុត។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះបានកើតឡើងនាល្ងាចថ្ងៃទី ៣១ ខែមីនាឆ្នាំ២០២៣នៅលើកំណាត់ផ្លូវជាតិ៧៦A ត្រង់ចំណុចទល់មុខស្នាក់ការសន្តិសុខ៧៦២ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

យោងតាមប្រភពបានឱ្យដឹងថា រថយន្ត ម៉ាក(V1) សណ្តោងរ៉ឺម៉កក្បាលពណ៌ស រ៉ឺម៉កពណ៌ឈាមជ្រូក ពាក់ស្លាកលេខក្បាលខាងមុខ ភ្នំពេញ3B-9826 រ៉ឺម៉កក្រោយពាក់ស្លាកលេខព្រះសីហនុ4A-2634 បានចរាចរពីទិសខាងជើងទៅទិសខាងត្បូង ពេលទៅដល់ចំណុចផ្លូវចុះចំណោតហើយបត់កោងទៀតផងនោះក៏ក្រឡាប់តែម្តង។

អ្នកបើកបរឈ្មោះ សយ ជុំ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ ភេទស្រី ក៏បានស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញសណ្តាប់ធ្នាប់ស្រុកពេជ្រាដាបានចុះមកដល់ធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖