ភ្នំពេញ ៖ លោក ផៃ ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្រាប់ដល់អ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ឲ្យយកសំបុត្រទៅប្ដូរយកប្រាក់មកវិញ។ ហើយអ្នកដែលលក់សំបុត្រត្រូវទទួលខុសត្រូវ សងលុយជូនប្រជាពលរដ្ឋវិញ»។
សេចក្តីជូនដំណឹងបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ដូចតទៅ៖
១៖ ការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ។
២៖ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ម្សិលមុិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសម្រេចមិនឲ្យយកលុយសម្រាប់ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានចេញសារព្រមានយ៉ាងធ្ងន់ៗ ទៅលើមន្ត្រីដែលបានផ្សព្វផ្សាយកន្លងទៅ ថាលក់សំបុត្រចូលទស្សនា បន្ទាប់ពីសម្ដេចបានទទួលព័ត៌មានពី សម្ដេចពិជ័យសេនា ទៀបាញ់ ។ សម្ដេចចេញបទបញ្ជា មិនឱ្យយកប្រើទាំងការចូលបើកកម្មវិធី និងពិធីបិទ រួមទាំងទីតាំងវិញ្ញាសាផ្សេងៗ៕
ដោយ ៖ សហការី