ភ្នំពេញ ៖ គណ:កម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណ:សម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស របស់ក្រសួងការពារជាតិប្រកាសថា ការប្រឡងជ្រើសរើសសិស្សនាយទាហាន ត្រូវបានរៀបចំ និងដំណើរការដោយសុក្រឹត យុត្តិធម៌ និងតម្លាភាព។
គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្តាលនៅក្នុងនិងក្រៅប្រទេស សូមជម្រាបជូនដល់បេក្ខជនទាំងអស់ និងសាធារណជនមេត្តាជ្រាប់ថា ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បន្ទាប់ពីការប្រកាសលទ្ធផលប្រឡងជាប់បឋមរបស់សិស្សនាយទាហាន ឆ្នាំ២០២៣ មានការផ្សព្វផ្សាយព័ត៌មានក្នុងបណ្ដាញសង្គមពាក់ព័ន្ធ អំពីភាពមិនប្រក្រតីចំពោះបេក្ខជន ឈ្មោះ រ័ត្ន សេងគី ភេទប្រុស កើតថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០០០ និង បេក្ខជនឈ្មោះ ម៉ុន ចំរ៉ាត់ កើតថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០០០ . ដែលបានលើកឡើងថា “បេក្ខជនទាំងពីររូប មានឈ្មោះក្នុងបញ្ជីប្រឡងជាប់ជាស្ថាពរ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២០ ម្តងរួចមកហើយ និងមានឈ្មោះក្នុងបញ្ជី ប្រឡងជាប់បឋម វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២៣ ម្ដងទៀតៗ។
ដើម្បីចៀសវាងការយល់ច្រឡំ និងការបកស្រាយផ្សេងៗ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យ លក្ខណៈសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមធ្វើការបំភ្លឺករណីបេក្ខជន ទាំងពីររូបនេះ ជូនបេក្ខជនទាំងអស់ និងសាធារណជន មេត្តាជ្រាបថា បេក្ខជន រ័ត្ន សេងគី និងបេក្ខជន ម៉ុន ចំរ៉ាត់ ពិតជាធ្លាប់បានប្រឡងជាប់ជាស្ថាពរ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២០ ប្រាកដមែន។ បន្ទាប់ពីបានចូលសិក្សានៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន រយៈពេល ០១ ខែ បេក្ខជនទាំងពីររូប បានសម្រេចចិត្តបោះបង់ការសិក្សាចោលដោយសារបញ្ហាចាំបាច់ផ្ទាល់ខ្លួន។ ប៉ុន្តែក្រោយមកដោយនៅតែមានទឹកចិត្តស្រលាញ់កងទ័ព និងដោយមានបំណងចូលរួមបម្រើវិស័យ ការពារជាតិ ទើបបេក្ខជនទាំងពីររូបនេះ បានដាក់ពាក្យប្រឡង វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២៣ ម្ដងទៀតនិងបានប្រឡងជាប់បឋមពិតប្រាកដមែន។
គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមគូសបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សនាយទាហាន ត្រូវបានរៀបចំ និងដំណើរការដោយសុក្រឹត យុត្តិធម៌ និងតម្លាភាព ៕
ដោយ ៖ សិលា