ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានផ្ទៃពោះទម្រង់កូនបញ្ច្រាស (កូនបញ្ច្រាសជើង)៖ តើគួរធ្វើដូចម្តេច?

ចែករំលែក៖

ភ្នំពេញ ៖ មាតាបិតាគ្រប់រូប តែងរំពឹងប្រាថ្នាបុត្រធីតាឲ្យមានសុខភាពល្អ ដោយបានឆ្លងកាត់ការសម្រាលកូនដែលប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន។ ម្តាយតែងតែមានការបារម្ភនៅពេលដែលគាត់ត្រៀមខ្លួនជិតដល់ពេលសម្រាល ជាពិសេសអ្នកដែលមានកូនទម្រង់បញ្ច្រាស និងមានចម្ងល់ជាច្រើនទាក់ទងនឹងបញ្ហានេះ។ នេះតាមការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។ 

ក) តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាស?

ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយផ្នែក ដែលកើតចេញមកមុនគេគឺជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកក្រោយទៅវិញ។ ទម្រង់នេះមានពី ៣% ទៅ ៤% នៃស្ត្រីមានផ្ទៃពោះទាំងអស់។

ខ) តើមូលហេតុអ្វីបានជាកូនមានទម្រង់បញ្ច្រាស?

មូលហេតុទាំងនោះមានដូចជា៖

   – កូនមិនគ្រប់ខែ

   – កូនភ្លោះ

   – កូនមិនគ្រប់លក្ខណៈ 

   – ទឹកភ្លោះមានច្រើនលើសលប់ ឬតិចតួច

   – សុកពាំងមាត់ស្បូន

   – ទងសុកខ្លី ឬទងសុករុំ ក

   – ម្តាយមានដុំស្បូន ឬដុំដៃស្បូន

   – ម្តាយធ្លាប់មានកូនច្រើនដងរួចហើយ 

   – ម្តាយមានឆ្អឹងត្រគាកមិនប្រក្រតី 

   – ករណីខ្លះគ្មានមូលហេតុ។

គ) តើធ្វើដូចម្តេចទើបដឹងថាកូននៅទម្រង់បញ្ច្រាស?

យើងអាចដឹងបានតាមរយៈ៖

   – ការស្ទាបពោះម្តាយ

   – ការស្តាប់បេះដូងកូនដែលស្ថិតនៅផ្នែកលើនៃផ្ចិតម្តាយ

   – ការពិនិត្យអេកូសាស្ត្រ

   – ការលូកមើលតាមមាត់ស្បូនម្តាយ ដែលអាចធ្វើឡើងនៅពេលដែលមាត់ស្បូនបើកបានធំបន្តិចហើយ

ឃ) តើស្ត្រីដែលមានទម្រង់កូនបញ្ច្រាសគួរធ្វើការវះកាត់ ឬអាចសម្រាលតាមធម្មជាតិបាន?

ស្ត្រីទាំងឡាយអាចធ្វើការសម្រាលតាមធម្មជាតិបានចំពោះទម្រង់កូនបញ្ច្រាសលុះត្រាតែ៖

   – ម្តាយមានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង

   – ម្តាយមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន

   – ម្តាយគ្មានជំងឺផ្ទាល់ខ្លួន ដែលអាចប្រឹងក្នុងការសម្រាលកូនបាន

   – គ្មានសុកពាំងមាត់ស្បូន

   – ម្តាយគ្មានបញ្ហាក្នុងការសម្រាលកូនមុនៗ 

   – កូនមានទំងន់ចន្លោះ 2500g ទៅ 3800g

   – ក្បាលកូនមិនមានទំហំធំខ្លាំង និងមិនងើយ 

   – កូននៅក្នុងពោះមិនមានសញ្ញាថាខ្សោយ 

   – កូនមិនមែនមិនគ្រប់ខែខ្លាំង

   – មិនមានការបែកទឹកភ្លោះមុនឈឺពោះសម្រាលរយៈពេលយូរ

   – មានការយល់ព្រមអំពីម្តាយ និងក្រុមគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិ

“ក្រុមការងារឯកទេសជំនាញផ្នែកសម្ភព និងថែទាំទារកនៃមន្ទីរពេទ្យកាល់ម៉ែត ស្វាគមន៍និងត្រៀមរួចជាស្រេច ផ្តល់ជូនបន្ថែមអំពីព័ត៌មានលំអិតអំពីបញ្ហាទាំងនេះ ជូនដល់មាតាគ្រប់រូប នៅមន្ទីរពេទ្យកាល់ម៉ែតដោយផ្ទាល់។”

“ការពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់ និងត្រឹមត្រូវ គឺជាកត្តាចំបងដែលនាំមកនូវសុខភាពល្អដល់ម្តាយ និងទារក!”៕

ដោយ ៖ សិលា


ចែករំលែក៖