ភ្នំពេញ ៖ ក្លិបកម្សាន្ដយីហោ 666 ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅតាមបណ្តោយផ្លូវចៃកា ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយប្រើពេលមួយម៉ោងដើម្បីធ្វើអន្ដរាគមន៍សមត្ថកិច្ចបានគ្រប់គ្រងទីតាំងនេះបាន និងមិនឱ្យឆ្លងរីករាលដាលឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យដដែលបានបន្ដទៀតថា ក្នុងប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់២១ឡាន ក្នុងនោះ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់១២ឡានស្មេីនឹង៤៨ម៉ែត្រគូប, រថយន្តក្រសួងមហាផៃ្ទចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីនឹង ០៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCICទីក្រុងកោះពេជ្រចំនួន០៥គ្រឿង ប្រេីប្រាស់ទឹកអស់០៥ឡាន ស្មេីនឹង ២០ម៉ែត្រគូប, រថយន្តកោះនរាចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីនឹង០៨ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីនឹង ០៦ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបានបញ្ជាក់ទៀតថា ទីតាំងក្លិបកម្សាន្ដនេះមានម្ចាស់ឈ្មោះ ង៉ែត ដារ៉ា អាយុ៤០ឆ្នាំ ហើយប្រភេទសំណង់ដែលត្រូវភ្លើងឆេះធ្វើអំពីថ្មបេតុងប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រ គុណ៤០ម៉ែត្រ។ ដោយឡែក មូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
ដោយ ៖ ភារ៉ា ដង្កោ