ព័ត៌មានទាន់ហេតុការណ៍៖

បេះដូងច្រើនជាងគេលើពិភពលោក 🇰🇭❤️🇰🇭

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបិទបញ្ចប់ការប្រមូលបេះដូងសម្រាប់កម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក»។

យុទ្ធនាការ #Beyond TheGames មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងដៃគូសហការដែលបានចូលរួមបត់បេះដូង បន្ទាប់ពីទទួលបានការគាំទ្រនិងចូលរួមបត់បេះដូងពីសំណាក់សាធារណជនគ្រប់កោសិកានៃសង្គមទូទាំងប្រទេស យុទ្ធនាការ #BeyondTheGames ទទួលបានបេះដូងជាច្រើន ដែលនៅពេលនេះក្រុមការងារកំពុងតែសម្របសម្រួលនិងរៀបចំតាមបច្ចេកទេស ដើម្បីត្រៀមធ្វើការ ដាក់តាំងបេះដូងទាំងនោះនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះ។ អាស្រ័យដូចបានជម្រាបជូន យុទ្ធនាការ : #BeyondTheGames សូមជម្រាបបងប្អូនសាធារណជនថា យុទ្ធនាការ #BeyondTheGames នឹងបញ្ចប់ការប្រមូលបេះដូងដែលបងប្អូនបានបត់រួចត្រឹមថ្ងៃនេះ (ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣)។ សម្រាប់បងប្អូនដែលមានបំណងចង់ប្រគល់បេះដូងមកក្រុមការងារត្រឹមថ្ងៃនេះ សូមអញ្ជើញធ្វើដំណើរមកកាន់អគារThe Kampus ដើម្បីធ្វើការប្រគល់បេះដូង។

ឆ្លៀតក្នុងឱកាសនេះ យុទ្ធនាការ #BeyondTheGames សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរបស់បងប្អូនសាធារណជនដែលបានចូលរួមបត់បេះដូងទាំងអស់ ព្រមទាំងដៃគូសហការទាំងអស់ចំពោះការចូលរួមគាំទ្រដល់កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក”។ ការចូលរួមមួយនេះពិតជាមានអត្ថន័យនិងមិនអាចកាត់ថ្លៃបាន ដែលការចូលរួមនេះបានបង្ហាញឱ្យឃើញពីសាមគ្គីភាពរបស់ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការចូលរួមនេះបានបង្ហាញឱ្យឃើញពី “ភាសាបេះដូង» របស់កម្ពុជាក្នុងការគាំទ្រដល់អត្តពលិកគ្រប់រូបក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖