អគ្គនាយករងនៃនាយកដ្ឋានប៉ូលិសក្រុងបាងកក ប្រទេសថៃ លោក Chokchai Ngamwong នៅថ្ងៃទី ២ ខែមេសា បាននិយាយថា កងកម្លាំងប៉ូលិសក្រុងបាងកកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធានាសន្តិសុខ សុវត្ថិភាព និងចរាចរណ៍ដោយរលូនក្នុងសប្តាហ៍ចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតដែលចាប់ផ្តើមនៅថ្ងៃទី ៣ខែមេសា ។
យោងតាមលោកនាយឧត្តមសេនីយ៍ Chokchai ស្នងការនគរបាលរាជធានីបាងកកបានដឹកនាំនាយកដ្ឋាននគរបាលចរាចរណ៍ និងនគរបាលស្រុក Din Daeng ពង្រាយកម្លាំង និងរថយន្ត ដើម្បីធានាសុវត្ថិភាពនិងចរាចរណ៍ប្រកបដោយភាពរលូនលើដងផ្លូវក្បែរមជ្ឈមណ្ឌលយុវជនថៃ-ជប៉ុន ដែលនឹងរៀបចំពិធីទទួលពាក្យចុះឈ្មោះបេក្ខជននៃគណបក្សនយោបាយ។ លើសពីនេះ ប៉ូ
លិសក្រុងក៏នឹងដាក់ពង្រាយកម្លាំងរហូតដល់រាប់រយនាក់ ដើម្បីតាមដាន និងដោះស្រាយភ្លាមៗនូវស្ថានភាពនៃអំពើហឹង្សាបង្កឡើងពីមហាជនជាយថាហេតុ។
ប៉ូលិសក្រុងបាងកកបានប្រកាសផែនការបង្វែរចរាចរណ៍ ហើយមានស្លាកសញ្ញា និងស្លាកសញ្ញាណែនាំកន្លែងចតរថយន្តរបស់មេដឹកនាំគណបក្សនយោបាយនិងបេក្ខជនចុះឈ្មោះបោះឆ្នោត។ ប្រជាជននៅក្នុងរាជធានីក៏ត្រូវបានណែនាំផងដែរឱ្យកំណត់ការធ្វើដំណើររបស់ពួកគេនៅលើផ្លូវដែលនាំទៅដល់មជ្ឈមណ្ឌលយុវជនថៃ-ជប៉ុន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
នាយឧត្តមសេនីយ៍ ឆុកឆៃ បានបញ្ជាក់ថា បច្ចុប្បន្នមិនមានរបាយការណ៍ឬព័ត៌មានព្រមានអំពីហានិភ័យនៃអសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះទេ។ លោក ឆុកឆៃ មានជំនឿថា ការចុះឈ្មោះបេក្ខជននឹងប្រព្រឹត្តទៅដោយរលូន។
យោងតាមផែនទីបង្ហាញផ្លូវនៃការបោះឆ្នោតសកល ចាប់ពីថ្ងៃទី ៣-៧ ខែមេសា គណបក្សនយោបាយនឹងដាក់ពាក្យសុំចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតតាមមណ្ឌលទូទាំង៧៧ ខេត្ត-ក្រុងនៃប្រទេសថៃ ។
គេរំពឹងថា ថ្នាក់ដឹកនាំនិងសមាជិកសំខាន់ៗទាំងអស់នៃគណបក្សនយោបាយធំៗ នឹងមានវត្តមាននៅមជ្ឈមណ្ឌលយុវជនថៃ-ជប៉ុន នៅព្រឹកថ្ងៃទី៣ ខែមេសា ដើម្បីធ្វើជាសាក្សីចំពោះបេក្ខជនមណ្ឌលបោះឆ្នោតរាជធានីបាងកក ដែលបានចុះឈ្មោះបោះឆ្នោត។
បន្ទាប់មក គណបក្សនយោបាយ និងបេក្ខជននឹងឈានចូលយុទ្ធនាការបោះឆ្នោតជាផ្លូវការ ដែលត្រូវបានគេនិយាយថា មានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយថៃ៕
រូបថត ៖ Thai PBS
ដោយ៖ ធីរីណា(រូបថត ៖ The Nation Thailand)