ព័ត៌មានទាន់ហេតុការណ៍៖

ងិន ម៉ារ៉ាឌី បញ្ជាក់ពីជំហរសិល្បៈថ្ងៃរៀបមង្គលការនឹងអាណិកជនខ្មែរនៅអាមេរិកយ៉ាងអធឹកអធម

ចែករំលែក៖

ភ្នំពេញ៖ កញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា  ងិន ម៉ារ៉ាឌី បានចូលរោងការជាផ្លូវការនឹងកម្លោះសង្ហាលោក ទិត្យ វណ្ណណូរ៉ា ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៣នេះ បន្ទាប់ពីបានភ្ជាប់ពាក្យកាលពីចុង ខែតុលាឆ្នាំ ២០២២កន្លងទៅនេះ។ ពិធីមង្គលការនាងត្រូវបានរៀបចំឡើងយ៉ាងអធឹកអធម ក្រោមវត្តមានភ្ញៀវចូលរួមខ្ទង់ពាន់នាក់ ដែលក្នុងនោះសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនក៏បានបង្ហាញវត្តមានចូលរួមផងដែរ ហើយនាងក៏បានបង្ហើបអំពីគម្រោងលើកិច្ចការងារសិល្បៈដែរមុនពេលចាកចេញទៅរស់នៅជាមួយស្វាមីនៅសហរដ្ឋអាមេរិក។ 

មុននេះកម្មវិធីប្រណីតដែលត្រូវបានរៀបចំឡើងនៅអគារព្រីមៀសែនសុខ អគារ C ដែលជាអគារទទួលភ្ញៀវកិត្តិយសខ្ទង់ពាន់នាក់ ហើយការតុបតែងលម្អដោយផ្កាស្រស់ ពិតជាស្អាតប្រណីតស័ក្កិសមទៅនឹងកិត្តិយសនាងផងដែរ។  ងិន ម៉ារ៉ាឌី លើកឡើងថា ស្វាមីនាងគឺជាមនុស្សមានទំនួលខុសត្រូវ មានចិត្តទូលាយ ហើយការរៀបមង្គលការពេលនេះគឺបង្ហាញពីភាពច្បាស់លាស់ និងការទទួលខុសត្រូវតាមការសន្យារបស់គាត់ផងដែរ ហើយនេះគឺជាក្តីសុបិន្តក្នុងការរៀបមង្គលការជាមួយមនុស្សដែលខ្លួនស្រលាញ់។ នាងមិនទាន់កំណត់ច្បាស់លាស់នៅឡើយថានឹងគ្រោងទទួលយកតំណក់ឈាមរួមគ្នាពេលណាដែរគឺទៅតាមធម្មជាតិដោយមិនមានការពន្យារឡើយ។

លោក ទិត្យ វណ្ណណូរ៉ា ដែលជាកូនខ្មែរធំធាត់នៅសហរដ្ឋអាមេរិកវិញបានលើកឡើងថា ភរិយាលោកគឺជាមនុស្សដែលមានចិត្តទូលាយទទួលយករឿងគ្រប់យ៉ាងបានទាំងអស់ ហើយចូលចិត្តធ្វើឲ្យលោកសប្បាយចិត្តបំផុត ដែលនេះគឺជាចំណុចដែលលោកពេញចិត្តខ្លាំងបំផុត ហើយលោកពិតជាពេញចិត្តនឹងការចូលរោងការជាផ្លូវការជាមនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត ហើយលោកពិតជាសប្បាយចិត្តនឹងការរៀបចំពិធីតាមទំនៀមទម្លាប់ខ្មែរនៅពេលនេះ។ លោកនៅតែបើកផ្លូវឲ្យភរិយាបន្តការងារសិល្បៈប្រសិនបើនាងចង់ធ្វើ ហើយប្រសិនបើនាងចង់ធ្វើជាស្ត្រីមេផ្ទះក៏តាមបំណងដែរ។  អ្នកទាំងពីរក៏គ្រោងនឹងធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំទាំងក្នុងនិងក្រៅប្រទេស។ ក្រោយរៀបមង្គលការរួច ងិន ម៉ារ៉ាឌី នឹងចេញទៅរស់នៅជាមួយនឹងស្វាមី ក្រោយរត់ឯកសារសំណុំឯកសាររួចរាល់ ពោលប្រមាណចម្លោះពីមួយឆ្នាំកន្លះទៅ២ឆ្នាំ និងបញ្ចប់ការងារផ្សេងៗចប់សព្វគ្រប់មុនពេលចាកចេញពីកម្ពុជាចេញទៅរស់នៅសហរដ្ឋអាមេរិក។ នៅលើបណ្ដាញសង្គមអនឡាញវិញទាំងហ្វេសប៊ុក និងTik Tok បានបញ្ចេញវីដេអូ និងរូបថតអមដោយការសាទរពីទស្សនិកជនជាច្រើនផងដែរ។ 

ទោះជាយ៉ាងណាយើងអបអរសាទរចំពោះពិធីមង្គលជ័យរបស់កញ្ញា និងគូស្នេហ៍ជូនពរឲ្យអ្នកទាំងពីរមានសុភមង្គលជានិច្ចនិរន្ត៍តរៀងទៅ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖