ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបាន៦នាក់ដែរពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាចំនួន០៣លើកផ្សេងគ្នានៅខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍របស់នគរបាលក្រុងពោធិ៍សាត់នាថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ នៅភូមិឈើទាលរូង សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់មានករណីហិង្សាមួយបានកើតឡើងបង្កដោយកូនប្រសាឈ្មោះ សឿង ប៊ុនណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់កើតហេតុ បានស្ទុះទៅយកកាំបិតផ្គាក់កាប់ម្ដាយក្មេកឈ្មោះ យ៉ាន យឿន អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់ជាមួយគ្នាបណ្ដាលឱ្យរងរបួសស្មាខាងឆ្វេង ពេលកូនប្រសាបង្កហេតុផឹកស៊ីស្រវឹង និងប្រើប្រាស់គ្រឿងញៀនមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ ហើយស្រ្តីជាម្ដាយឃាត់កុំឱ្យឈ្លោះគ្នា ទើបត្រូវកូនប្រសាចិត្តអប្រិយនោះកាប់ឱ្យមានរបួស។
ចំណែករបាយការណ៍នគរបាលស្រុកកណ្ដៀងឯណោះវិញ ក៏មានករណីហិង្សាដោយចេតនាមួយបានកើតឡើងផងដែរ បង្កឡើងដោយបុរសជាឪពុកមាឈ្មោះ ឆេង វុទ្ធី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអំពិលកញ្រ្ចិញ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានប្រើប្រាស់កាំបិតបុ័ងតោជាអាវុធគប់ទៅលើក្មួយជីដូនមួយឈ្មោះ ផេង អ៊ូ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នាបណ្ដាលឱ្យមុតខ្នងក្រោមស្លាបប្រចៀវផ្នែកខាងស្ដាំ មូលហេតុខឹងក្មួយស្រីយកគ្រឿងក្លែមបោះចោលពេលខ្លួនកំពុងផឹកស៊ី ។
ដោយឡែក បើយោងតាមរបាយការណ៍របស់នគរបាលស្រុកវាលវែងបានឱ្យដឹងថា កម្លាំងនគរបាលស្រុកនេះបានបង្រ្កាបក្មេងទំនើងវាយតប់គ្នាចំនួន០៥នាក់ស្ថិតនៅភូមិ/ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយទី១-ឈ្មោះទី ឆៃលី ហៅហួរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ទី២-ឈ្មោះសៀប ឈីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ ញ៉ែម សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ, ទី៤-ឈ្មោះ រិន រិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និងទី៥-ឈ្មោះ ឃីម ប្រុស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០៥នាក់នេះរស់នៅភូមិ.ឃុំប្រមោយ(កន្លែងកើតហេតុ)។ចំណែកសម្ភារជាវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកវីនន័រ និងអុិចស៊ិនទ័រ ដែកទីបជ្រុងចំនួន០៤កំណាត់ ខ្សែក្រវាត់ចំនួន០១ ។
ក្នុងរបាយការណ៍ខាងលើ មានបញ្ហាហិង្សាចំនួន០៣ករណីជាបន្តបន្ទាប់ឈានដល់ឃាត់ខ្លួនជនសង្ស័យ(បង្ក)ចំនួន០៦នាក់នេះដែល សមត្ថកិច្ចកំពុងមមាញឹកបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន