ប្រទេសបារាំង៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានចែករំលែកអំពីចក្ខុវិស័យ និងសមិទ្ធផលសំខាន់ៗ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាពិសេសបំផុត គឺអគ្គមគ្គុទេសដឹកនាំ, ការចង្អុលបង្ហាញ និងការគាំទ្រក្នុងគ្រប់កាលៈទេសៈរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអគ្គមេបញ្ជាការតែមួយ នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការចែករំលែកបែបនេះរបស់លោក វង្សី វិស្សុត នាឱកាសលោកបានដឹកនាំមន្រ្តីជំនាញ ជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម និងអធិបតេយ្យភាពឌីជីថលរបស់បារាំង កាលពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ។
សូមជម្រាបថា គោលបំណង នៃការធ្វើទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អៗ ជាមួយភាគីបារាំង អំពីការងារកែកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសការអនុវត្តថវិកាសមិទ្ធកម្ម ដែលជាដំណាក់កាលទី៤ និង ជាដំណាក់កាលចុងក្រោយ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជា ហើយទើបត្រូវបានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ដោយផ្តោតលើផ្នែកទាំងបី នៃវដ្តថវិកា គឺការរៀបចំនិងការអនុម័តថវិកា, ការអនុវត្តថវិកា និង ប្រព័ន្ធត្រួតពិនិត្យថវិកា។
ទន្ទឹមនេះ ក៏ដើម្បីត្រៀមរៀបចំការងារ អាទិភាពគន្លឹះៗមួយចំនួន ជាពិសេសការជំរុញអនុវត្តនូវច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដើម្បីធានាឱ្យបាននូវការ អនុវត្តជាមូលដ្ឋាន នូវថវិកា សមិទ្ធកម្មយ៉ាងយូរត្រឹមឆ្នាំ២០២៦ ដែលក្នុងនោះត្រូវរៀបចំ លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធសំខាន់ៗ សម្រាប់អនុវត្តខ្លឹមសារគោលនានា ដូចបានកំណត់ក្នុងច្បាប់នេះ និង ការរៀបចំយន្តការ និងឧបករណ៍បច្ចេកទេសចាំ បាច់សម្រាប់គាំទ្រ ដល់ការកសាង និងពង្រឹង សមត្ថភាពស្ថាប័ន ក៏ដូចជាសមត្ថភាពមន្រ្តីជំនាញ ដើម្បីឈានទៅសម្រេច បាននូវចក្ខុវិស័យ នៃការប្រែក្លាយប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតប នឹងឧត្តមានុវត្តន៏អន្តរជាតិ ដែលជាសមាសភាគដ៏សំខាន់មួយ សម្រាប់ការធានានូវវឌ្ឍនភាព ជាតិតាមបង្គោរចរឆ្នាំ២០៣០ ដើម្បីប្រែក្លាយកម្ពុជាទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ជាប្រទេសចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។
តាមរយៈដំណើរទស្សកិច្ចផ្លាស់ប្តូរបទពិសោធន៍ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈខាងលើនេះ, លោក វង្សី វិស្សុត និងគណៈប្រតិភូបានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច, ហិរញ្ញវត្ថ, ឧស្សាហកម្ម និងអធិបតេយ្យភាពឌីជីថល របស់បារាំងជាច្រើនរូប ដែលជាអ្នកកាន់ការ និងទទួលបន្ទុកការងារផ្ទាល់ពាក់ព័ន្ធនឹងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈរបស់បារាំងឆ្នាំ២០០១ ព្រមទាំងការរៀបចំថវិកាជាតិ ពិសេស ការវិភាជន៍ថវិកា និងគ្រប់គ្រងត្រួតពិនិត្យថវិកា នៅតាមក្រសួងស្ថាប័នមួយចំនួនរបស់បារាំង ក៏ដូចជាការបណ្តុះបណ្តាលមន្រ្តី និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យារបស់បារាំង ដែលកំពុងតែអនុវត្តសព្វថ្ងៃ។
គណៈប្រតិភូកម្ពុជា ក៏បានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ផងដែរ ជាមួយនឹងស្ថាប័នតុលាការគណនី (Cour des Comptes) ដែលជាស្ថាប័នឯករាជ្យមួយរបស់បារំាងផងដែរ ពាក់ព័ន្ធនឹងការត្រួតពិនិត្យ, ការវាយតម្លៃ និងការរៀបចំរបាយការណ៍សមិទ្ធកម្ម។ ភាគីបារាំងក៏បានចែករំលែកដល់ គណៈប្រតិភូកម្ពុជាផងដែរ អំពីបញ្ហាប្រឈមនានា និងមេរៀនបទពិសោធន៍ល្អៗ នៅក្នុងការអនុវត្តថវិកា សមិទ្ធកម្មរបស់ខ្លួននាពេលកន្លងមក ។ គួរបញ្ជាក់ដែរថា ប្រទេសបារាំងត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយក្នុងការអនុវត្តថវិកាសមិទ្ធកម្ម នៅក្នុងចំណោម ក្រុមប្រទេស OECD ។
ទន្ទឹមនេះ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរវាងកម្ពុជា និងបារាំង ក៏ដូចជាប្រព័ន្ធរដ្ឋបាល គឺមានលក្ខណៈដូចគ្នា ច្រើន ជាពិសេសកម្ពុជា នឹងចាប់ផ្តើមអនុវត្តថវិកា សមិទ្ធកម្មនៅក្នុងឆ្នាំ២០២៦ ខាងមុខ ដូចប្រទេសបារាំង ដែលបានចាប់ផ្តើមអនុវត្តថវិកា សមិទ្ធកម្ម ចាប់តាំងពីឆ្នាំ ២០០៦ មក ស្របតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសាធារណៈថ្មីរបស់ខ្លួន ឆ្នាំ២០០១។
លោក វង្សី វិស្សុត ក៏បានចែករំលែកផងដែរ អំពីគោលការណ៍គ្រឹះសំខាន់ៗ មួយចំនួន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជា ពិសេសការប្រកាន់ខ្ជាប់នូវវិន័យថវិកា ពោលគឺ ចំណាយត្រូវស្រប តាមលទ្ធភាពថវិកា ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាព សន្សំបាននូវលំហរថវិកា ក្នុងកម្រិតមួយសមស្រប សម្រាប់ដោះស្រាយតម្រូវការចំណាយបន្ទាន់ និងចាំបាច់បានភ្លាមៗ ឬពេលមានវិបត្តិផ្សេងៗ ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ នាពេលកន្លងមកជាដើម ទន្ទឹមនឹងការខិតខំបង្កើនតម្លៃនៃលុយ តាមរយៈការបន្តបង្កើនប្រសិទ្ធភាពនៃការវិភាជថវិកា ដើម្បីតម្រង់ការប្រើប្រាស់ ធនធានថវិកាជាតិ ដែលនៅមានកម្រិតនៅឡើយ ឱ្យកាន់តែចំទិសដៅ និងអាទិភាពចាំបាច់ ព្រមទាំងការកែលម្អប្រសិទ្ធភាព ប្រតិបត្តិការ និងបច្ចេកទេសឱ្យកាន់តែប្រសើរ, លឿន និងឆាប់រហ័សជាងមុន ហើយដល់ដៃអ្នកអនុវត្តផ្ទាល់ ៕
ដោយ៖សហការី