ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យនេះ កំណត់អំពីវិធាននៃការទូទាត់ត្រង់ចូលគណនីប្រាក់បៀវត្សរបស់មន្ត្រីសាធារណៈ តាមប្រព័ន្ធធនាគារ ដើម្បីធានាប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ តម្លាភាព និងគណនេយ្យភាព។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមន្ត្រីសាធារណៈដែលសំដៅដល់អ្នករាជការសាធារណៈ និង ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលមានគណនីបៀវត្សនៅធនាគារ ក្នុងនោះរួមមាន ជាអាទិ៍ មន្ត្រីរាជការស៊ីវិល យោធិន មន្ត្រីនគរបាល មន្ត្រីពន្ធនាគារ ទីប្រឹក្សា ជំនួយការ និងមន្ត្រីកិច្ចសន្យា ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទានវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជា អតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា និង គ្រួសារជនពលីនិងគ្រួសារជនមរណៈជាអតីតយុទ្ធជននៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
គណនីបៀវត្សរបស់មន្ត្រីសាធារណៈនៅធនាគារ ត្រូវបានប្រើប្រាស់សម្រាប់ទទួលប្រាក់ដែលជា អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈ ជាអាទិ៍ បុព្វលាភ លាភការ ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ឧបត្ថម្ភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម និងប្រាក់ឧបត្ថម្ភផ្សេងទៀត។
ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទូទាត់ជូនមន្ត្រី សាធារណៈ ដែលមានចែងក្នុងមាត្រា២នៃអនុក្រឹត្យនេះ នូវមុខសញ្ញាចំណាយរួចមានចែងក្នុងមាត្រា៣ ដោយធ្វើការបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈដោយផ្ទាល់តាមប្រព័ន្ធធនាគារ។
ចំពោះចំណាយថវិកាដែលអនុវត្តតាមនីតិវិធីទូទាត់ត្រង់ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តដូចនីតិវិធីនៃការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារជាធរមាន ៕
ដោយ ៖ សិលា