ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទទួលជួបអនុព័ន្ធយោធាណូវែលហ្សេឡង់ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកស្រី វរសេនីយ៍ឯក SHAUNA-JO GRAHAM  អនុព័ន្ធយោធាណូវែលហ្សេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ។ 

ក្នុងឱកាសនោះ លោកស្រី វរសេនីយ៍ឯក SHAUNA-JO GRAHAM បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឲ្យលោកស្រីចូលជួបសម្ដែងការគួរសម ហើយលោកស្រីមានសេចក្តីសោមនស្សរីករាយដែលបានមកបំពេញការងារជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា។ 

លោកស្រីអនុព័ន្ធយោធាណូវែលហ្សេឡង់ បានចូលរួមអបអរសាទរជាមួយព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ទទួលបានជោគជ័យកាលពីឆ្នាំ២០២២ កន្លងមកថ្មីនេះ។

 នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះដំណើរចូលជួបពិភាក្សាការងារក្នុងឱកាសនេះ និងបានជម្រាបជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្ននេះគ្របដណ្ដប់ដោយសន្តិភាពពេញបរិបូណ៌ និងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

 នាយឧត្តមសេនីយ៍ បញ្ជាក់ថា កម្ពុជាជាប្រទេសប្រកាន់នូវរបបប្រជាធិបតេយ្យ ដែលបានធ្វើការបោះឆ្នោតយ៉ាងទៀងទាត់រយៈពេល ៥ឆ្នាំម្ដង ហើយកន្លងមកនេះកម្ពុជាបានធ្វើការបោះឆ្នោតជាច្រើនលើករួចមកហើយ ទាំងថ្នាក់ក្រោមជាតិ និងបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយភាពរលូន មានតម្លាភាព និងទទួលយកលទ្ធផលពីគ្រប់គណបក្ស។

 នាយឧត្តមសេនីយ៍ បន្តថា កន្លងមកនេះកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនៅលើពិភពលោក បានជួបបញ្ហាប្រឈមជំងឺកូវីដ-១៩ ហើយសម្រាប់កម្ពុជា អាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាគ្រប់គ្រងជំងឺនេះបានទាំងស្រុងនៅចុងឆ្នាំ២០២១ និងបានបើកសេដ្ឋកិច្ចប្រទេសឡើងវិញ ដែលជោគជ័យនេះបានដោយសារកត្តាបី គឺការដឹកនាំ ការចូលរួម និងការគាំទ្រ ។

 នាយឧត្តមសេនីយ៍អគ្គបញ្ជាការ បានគូសបញ្ជាក់ថា អាស្រ័យដោយកម្ពុជាមានសន្តិភាព ស្ថិរភាពល្អ ក្នុងឆ្នាំ២០២២ កន្លងមកនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ហើយនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាក៏នឹងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណិតទី៧ ផងដែរ។ 

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការកម្ពុជា-ណូវែលហ្សេឡង់ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល ៦៤ ឆ្នាំមកហើយ ហើយធ្លាប់បានផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀត។

 នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថាសម្រាប់ជំនួបពិភាក្សានៅថ្ងៃនេះ បានផ្ដល់សារៈសំខាន់នៅក្នុងការផ្លាស់ប្ដូរព័ត៌មានរួមគ្នា អំពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ។ល។ 

នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់ប្រទេសណូវែលហ្សេឡង់ នៅក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើមុខជំនាញផ្សេងៗតាមលទ្ធភាពអាចជួយបាន ដើម្បីរួមចំណែកលើកកម្ពស់ដល់ការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ លើវិស័យធនធានមនុស្ស។

ក្នុងកិច្ចឆ្លើយតប លោកស្រី វរសេនីយ៍ឯក SHAUNA-JO GRAHAM បានធ្វើការចាប់អារម្មណ៍ចំពោះសំណើស្តីពីការពង្រឹងសមត្ថភាពកងទ័ព ដែលជាការស្វែងរកឱកាសទំនាក់ទំនងល្អ របស់កងទ័ពប្រទេសទាំងពីរ ក្នុងនោះកងទ័ពណូវែលហ្សេឡង់ និងពិនិត្យលទ្ធភាពនៅក្នុងការជួយបណ្ដុះបណ្ដាលភាសាអង់គ្លេស និងជំនាញបញ្ជាការសេនាធិការជាន់ខ្ពស់។

លោកស្រី វរសេនីយ៍ឯក SHAUNA-JO GRAHAM  បានគោរពអញ្ជើញឯកឧត្តមអគ្គមេបញ្ជាការ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសណូវែលហ្សេឡង់ ហើយដែលសំណើនេះត្រូវបាន ឯកឧត្តម អគ្គមេបញ្ជាការ យល់ព្រម និងជ្រើសរើសពេលវេលាដល់សមស្របណាមួយ៕

ដោយ ៖ សិលា


ចែករំលែក៖